(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ បានឯកភាពគ្នា ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែន ប្រើប្រាស់ប័ណ្ណព្រំដែនសម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែនតាមច្រកទ្វារព្រំដែនប្រទេសទាំងពីរ ចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចាប់ពីខែមករា ឆ្នាំ២០១៧ នេះតទៅ រដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ ក៏បានឯកភាពគ្នាអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ព្រំដែនប្រើប្រាស់ប័ណ្ណព្រំដែនសម្រាប់ជាឯកសារផ្លូវការ ក្នុងការចេញចូលឆ្លងកាត់ព្រំដែនតាមច្រកទ្វារព្រំដែនផ្លូវការ ទៅក្នុងតំបន់ព្រំដែន ដែលបានកំណត់ដើម្បីជួយសម្រួលដល់ទំនាក់ទំនងផ្សារភ្ជាប់គ្នារវាងប្រជាជន និងប្រជាជនតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ដែលមានប្រពៃណីទៅមករកគ្នាជាយូរលង់មកហើយ»។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ ជាមួយ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «អាស្រ័យហេតុនេះ សូមអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរៀងៗខ្លួនអំពីការប្រើប្រាស់ប័ណ្ណព្រំដែននេះ»៕