(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នេះ លោក វ៉េង សុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងលោកស្រី តោ ពិឡា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអនុប្រធានក្រុមកាងារថ្នាក់កណ្តាលជួយការងារស្ត្រីស្រុកព្រៃឈរ បានយកថវិកាពីក្រុមការងាររបស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ (សំរាប់ធ្វើសោហ៊ុយ) ផ្តល់ជូនមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ជិត១០០នាក់ នៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ។
លោក វ៉េង សុធី និងលោកស្រី តោ ពិឡា អំពាវនាវឱ្យប្រជាពលរដ្ឋឱ្យទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតថ្មី គឺជាបញ្ហាដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ព្រោះទាល់តែ មានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោតថ្មីនេះ ទើបប្រជាពលរដ្ឋអាចចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះបាន។
សូមបញ្ជាក់ថា គជប បានទុករយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដើម្បីឱ្យប្រជាពលរដ្ឋ ពិនិត្យឈ្មោះរបស់ខ្លួន ប្រសិនជា ខុស ឈ្មោះ អត្តសញ្ញាណ ឬខុសខែឆ្នាំកើត ខុសស្រះឬខុសអក្សរ ពលរដ្ឋអាចរាយការណ៍ទៅកាន់ ភូមិឃុំដែលនៅជិតខ្លួន និងកែប្រែ មិនដូច្នោះទេ អ្នកទាំងនោះមិនអាចចូលរួមបោះឆ្នោតបានទេ ប្រសិនគ.ជ.ប ពិនិត្យមិនឃើញ៕