(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បាននិងកំពុងរៀបចំសន្និបាតនៅតាមឃុំ/សង្កាត់នានានៅទូទាំងប្រទេស នៅអំឡុងខែមករា ឆ្នាំ២០១៧នេះ ដើម្បីរៀបចំបញ្ជីឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់របស់ខ្លួន ត្រៀមសម្រាប់ឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា សម្រាប់គណបក្សប្រជាជនកម្ពុជា ការឈរឈ្មោះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ក៏ដូចជាការឈរឈ្មោះធ្វើជាបេក្ខជនតំណាងរាស្រ្ត មិនតម្រូវឱ្យបុគ្គលណាមួយបង់លុយនោះទេ។
លោកបានថ្លែងយ៉ាងដូច្នេះថា «តំណាងរាស្រ្តក៏ដោយ បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់ក៏ដោយ គណបក្សប្រជាជនមិនដែលទាមទារលុយ នោះទេ»។
លោកបានបញ្ជាក់ថា ការស្រង់បញ្ជីឈ្មោះ សម្រាប់បេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ គឺគណបក្សបានឱ្យថ្នាក់ដឹកនាំមូលដ្ឋានជាអ្នកជ្រើសរើស ហើយបញ្ជីទាំងនោះ ក៏ត្រូវបញ្ជូនមកថ្នាក់លើដើម្បីត្រួតពិនិត្យម្តងទៀតថាមានលក្ខណៈសុក្រិដ្ឋ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬក៏អត់៕