(ស្ទឹងត្រែង)៖ នាយករដ្ឋមន្រ្តី នៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីន បានយល់ឃើញដូច គ្នាការបើកដាក់ឲ្យដំណើរការច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ក៏ដូចជាអគារត្រួតពិនិត្យអ្នកដំណើររបស់កម្ពុជា ជាការ ជួយជំរុញឲ្យទំនាក់ទំនងប្រទេសទាំងពីរ ដែលមានរយៈពេល ៦០ឆ្នាំមកហើយនោះកាន់តែ\ល្អប្រសើរ ហើយក៏ជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងការដឹកជញ្ជូនរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត។
ការបង្ហាញទស្សនៈស្របគ្នាបែបនេះ បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត អញ្ជើញជាសហអធិបតីបើកឲ្យដំណើរការ ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង លើទឹកដីកម្ពុជា និងច្រកណងណុកខៀន ស្ថិតលើខេត្តចំប៉ាសាក់ ប្រទេសឡាវ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ។
នាយករដ្ឋមន្រ្តីឡាវ បានថ្លែងក្នុងពិធីនោះថា ការបើកច្រកទ្វារអន្តរជាតិនេះ ជានិមិត្តរូបលេចធ្លោរ នៃកិច្ចសហប្រតិបត្តិការជាវិជ្ជមាន និងលទ្ធផលជាផ្លែផ្កា នឹងជាការផ្សារភ្ជាប់រវាងខេត្តចំប៉ាសាក់ និងខេត្តស្ទឹងត្រែងទៅដល់ខេត្តនានារបស់កម្ពុជា និងបង្កលក្ខណៈងាយស្រួល ដល់ការជួញដូរតាមតំបន់ព្រំដែនជំរុញ ការងារទេសចរណ៍របស់ខេត្តចំប៉ាសាក់ និងការវិនិយោគផ្សេងៗតាមសក្តានុពលរបស់ខេត្ត។
លោកនាយករដ្ឋមន្រ្តី ថងលូន ស៊ីស៊ូលីត បន្តថា ច្រកទ្វារអន្តរជាតិជាលើកដំបូងរបស់កម្ពុជា-ឡាវនេះ នឹងរួមចំណែកយ៉ាងសំខាន់ទៅលើការធ្វើសមាហរណកម្មនៅតំបន់ និងជាការជំរុញនូវការផ្សារភ្ជាប់ផ្លូវសេដ្ឋកិច្ចពីខាងកើត-ខាងលិច ដែលជាការរួមចំណែកក្នុងការអនុវត្តន៍នូវកិច្ចព្រមព្រៀងស្តីពីការជំរុញ និងបង្កលក្ខណៈងាយស្រួលដល់ពាណិជ្ជកម្មនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ក៏ដូចជាការផ្សារភ្ជាប់នូវអាស៊ាន នៅក្នុងតំបន់ផ្សេងៗ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវត្តមានច្រកទ្វារអន្តរជាតិនៃព្រំដែនកម្ពុជា-ឡាវនេះ បានកើតចេញពី ការរីកចម្រើនឥតឈប់ឈរនូវទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលជា ប្រទេសមានភូមិផងរបងតែមួយ និងមានប្រពៃណីសហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកប្រកបដោយភាពស្មោះសតាំងពីយូរលង់។
សម្តេចតេជោ បានថ្លែងបញ្ជាក់ថា អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តដែលរជាតិត្រពាំងក្រៀល របស់កម្ពុជា និងអគារទីស្នាក់ការត្រួតពិនិត្យច្រក ទ្វារអន្តរជាតិណងណុកខៀន របស់ឡាវ បានតភ្ជាប់ទៅវិញទៅមករវាងផ្លូវជាតិលេខ៧ របស់កម្ពុជា ជាមួយផ្លូវជាតិលេខ១៣ របស់ឡាវ ដែលជាច្រករបៀងដឹកជញ្ជូនផ្លូវគោក ដ៏មានសក្តានុពលក្នុងការតភ្ជាប់ប្រទេសកម្ពុជា-ឡាវ ហើយក៏ជាបណ្តាញគមនា គមន៍តភ្ជាប់រវាងប្រទេសកម្ពុជា ឡាវ វៀតណាម ព្រមទាំងបណ្តាប្រទេសក្នុងតំបន់មេគង្គ។
សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ឃើញដូចនាយករដ្ឋមន្រ្តីឡាវផងដែរ ការបើកច្រកទ្វារអន្តរជាតិ ក៏ដូចជាការអភិវឌ្ឍន៍ប្រព័ន្ធគមនា គមន៍ប្រទេសទាំងពីរ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ការបង្កើនលំហូរភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចពីប្រទេសទី៣ផងដែរ។
ក្នុងឱកាសសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត ក៏បានទទូចរួមគ្នាទៅដល់អាជ្ញាធរក៏ដូចជាសមត្ថកិច្ច នៅតាមបណ្តាខេត្តជាប់ព្រំដែន ក៏ដូចជានៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន បន្តសហការគ្នាឲ្យបានកាន់តែល្អប្រសើរក្នុងការគ្រប់គ្រងការ ចេញចូលឆ្លងកាត់ព្រំដែន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ បង្រ្កាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ សម្តេចតេជោ ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត ក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរ និងសមត្ថកិច្ច តាមបណ្តាខេត្តជាប់ព្រំដែនខិតខំរួមគ្នាដោះស្រាយ បញ្ហាកើតឡើងតាមព្រំដែនឲ្យបានទាន់ពេលវេលា និងដោយសន្តិវិធី ឈរលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាបងប្អូន ជាអ្នកភូមិផងរបងតែមួយដ៏ល្អសំដៅរួមគ្នាពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឲ្យស្ថិតស្ថេររឹងមាំ និងមានការរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា ឡាវ មានព្រំដែនជាប់គ្នាប្រមាណ ៥៤០គីឡូម៉ែត្រ ហើយខេត្តចំប៉ាសាក់ និងខេត្តស្ទឹងត្រែង មានព្រំដែនរួមគ្នាប្រវែង ១៣៥គីឡូម៉ែត្រ។ ខេត្តស្ទឹងត្រែង និងចំប៉ាសាក់ ភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈផ្លូវលេខ ១៣របស់ឡាវ និងផ្លូវជាតិលេខ ៧របស់កម្ពុជា។
ប្រទេសកម្ពុជា ឡាវ មានទំនាក់ទំនងជាមួយគ្នាប្រមាណជា ៦០ឆ្នាំហើយ។ ដើម្បីពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ក៏បានឯកភាពគ្នា អនុញ្ញាតឲ្យប្រជាពលរដ្ឋជាប់ព្រំដែនប្រទេសទាំងពីរអាចប្រើ ប្រាស់ប័ណ្ណព្រំដែនឆ្លងចេញចូលប្រទេសទាំងពីរជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅផងដែរ៕