(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានឧបត្ថម្ភថវិកាចំនួន ២លានរៀល ដល់គ្រួសារយុទ្ធជនពិកា មឿង នី ព្រមទាំងសន្យាជួយជ្រោមជ្រែងឲ្យកូនៗរបស់លោក មឿង នី បានបន្តការសិក្សាដល់ចប់ចុងចប់ដើម ហើយឧបត្ថម្ភថវិកាចំនួន ៤០ម៉ឺនរៀលរៀងរាល់ខែ ដល់គ្រួសាយុទ្ធជនរំដោះជាតិមួយនេះ ថែមទៀត។
ដោយមើលឃើញពីទុក្ខលំបាករបស់គ្រួសារអតីតយុទ្ធជន ដែលធ្លាប់មានប្រវត្តិតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជម្នះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានទទួលជួបជាមួយគ្រួសារយុទ្ធជនមួយ គឺលោក មឿង នី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីស្ដាប់នូវប្រវត្តិចូលរួមតស៊ូការពារជាតិ ស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា និងផ្ដល់នូវជំនួយឧបត្ថម្ភមួយចំនួន ដល់គ្រួសារយុទ្ធជនមួយនេះ។
ថ្លែងប្រាប់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង លោក មឿង នី បានឲ្យដឹងថា លោកបានចូលរួមក្នុងសមរភូមិការពារជាតិ ជាមួយកងទ័ពរាជរដ្ឋាភិបាល តាំងពីឆ្នាំ១៩៨៥ តែជាអកុសល នៅឆ្នាំ១៩៨៨ យុទ្ធជនដ៏ស្មោះស្ម័គ្រម្នាក់នេះ បានជាន់មីនក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង បណ្ដាលឲ្យពិកាជើងទាំងពីរ។
លោក មឿង នី បានបន្តថា សព្វថ្ងៃលោកបានមករស់នៅក្នុង ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ជាមួយប្រពន្ធ មានកូនចំនួន៥នាក់ក្នុងបន្ទុក តែកូនៗ២នាក់របស់លោក បានបញ្ឈប់ការសិក្សាបាត់ទៅហើយ ព្រោះដោយសារគ្មានលទ្ធភាពបន្ត។
លោកថា «ខ្ញុំពិតជាចង់ឲ្យកូនៗបានបន្តរៀនសូត្រខ្លាំងណាស់ ចង់ឲ្យរៀនភាសា តែឈប់រៀនហើយ ព្រោះខ្ញុំគ្មានលទ្ធភាពឲ្យវារៀនបន្ត»។
ឮដូច្នោះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងនូវការលើកទឹកចិត្ត ណែនាំដល់គ្រួសារលោក មឿង នី និងបានប្រគល់ជូននូវថវិកា ២លានរៀល ជូនលោកមឿង នី ផ្ទាល់ដៃ ហើយសន្យាជួយឧបត្ថម្ភថវិកាចំនួន ៤០ម៉ឺនរៀលផ្សេងទៀត រៀងរាល់ខែ។ ឧបនាយករដ្ឋមន្រ្តី បានណែនាំឲ្យលោក មឿង នី បញ្ជូនកូនៗដែលបញ្ឈប់ការសិក្សានោះ ទៅចូលរៀនវិញ ដោយលោកសន្យាថា នឹងជួយជ្រោមជ្រែងផ្ដល់ជាថវិកា និងសម្ភារសិក្សានានាដល់ពួកគេ ពេលរៀនចប់ លោកនឹងជួយស្វែងរកអាហារូបករណ៍ ឲ្យរៀនបន្តនៅមហាវិទ្យាល័យថែមទៀត។
មិនត្រឹមតែប៉ុណ្ណោះ លោកឧបនាយករដ្ឋមន្រ្តី បានពន្យល់ប្រាប់ថា «ទោះបីយើងទទួលបានជ័យជម្នះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក៏ពិតមែន តែយើងនៅបន្តការពារ រារាំងពួកខ្មែរក្រហមរហូតមកទៀត ក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន ទើបយើងទទួលបានសន្តិភាព រហូតដល់សព្វថ្ងៃ នេះក៏ជាការរួមចំណែករបស់ប្អូនដែរ ថ្វីត្បិតប្អូនចូលបម្រើជាតិក្រោយឆ្នាំ៧៩ ក៏ពិតមែន ខ្ញុំសូមអរគុណណាស់!»៕