(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានស្ត្រីម្នាក់ដាក់ពាក្យបណ្ដឹងប្តឹងពីបទ «ប៉ុនប៉ងឃាតកម្ម និង បទបរិហារកេរ្តិ៍ជាសាធារណៈ» ។
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋា អមដំណើរដោយលោកមេធាវី សុក សំអឿន បានចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំំភ្លឺជុំវិញពាក្យបណ្ដឹងនេះ។ ក្រោយបញ្ចប់ការសាកសួរ លោក សួន សេរីរដ្ឋា ពុំបានធ្វើអត្ថាធិប្បាយណាមួយជាមួយក្រុមអ្នកសារព័ត៌មាននោះទេ ដោយបង្វែរសំណួរឲ្យសួរទៅលោកមេធាវី សុក សំអឿន វិញ ។
លោកមេធាវី សុក សំអឿន បានថ្លែងថា រឿងក្ដីនេះមានដើមបណ្ដឹងឈ្មោះ ម៉ៃ ស្រីលក្ខណ៍ ជាអតីតបុគ្គលិកគណបក្សអំណាចខ្មែរ។ លោកមេធាវី បន្ថែមថា ស្ត្រីរូបនេះ បានប្តឹងលោក សួន សេរីរដ្ឋា ពីបទប៉ុនប៉ងឃាតកម្ម និងបទបរិហារកេរ្តិ៍ជាសាធារណៈដោយភ្ជាប់ការសន្ទនាតាមឆាតក្នុងគ្រុបមួយ។
តាមការបញ្ជាក់របស់លោកមេធាវី សុក សំអឿន រហូតមកទល់ពេលនេះ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ។ នាពេលកន្លងទៅ លោក សួន សេរីរដ្ឋា ធ្លាប់បានប្តឹងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ផងដែរ តែត្រូវបានតុលាការសម្រេចតម្កល់រឿងទុកឥតចាត់ការ៕