(ភ្នំពេញ)៖ នៅម៉ោង១១៖៤០នាទី រសៀលថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ លោកប្រធានធិបតីសិង្ហបុរី និងគណៈប្រតិភូ បានបញ្ចប់ទស្សនកិច្ច ពិនិត្យគម្រោងមួយចំនួនរបស់មន្ទីរពេទ្យសិង្ហបុរី និងចុះហត្ថលេខាលើឯកសារមួយចំនួន ព្រមទាំងប្រគល់ការបណ្ដុះបណ្ដាលជំនាញសង្គ្រោះដោយគ្រោះថ្នាក់ប៉ះទង្កិច ជាមួយមន្ទីរពេទ្យកាល់ម៉ែតរួចរាល់ហើយ ដោយលោក និងគណៈប្រតិភូ បានធ្វើដំណើរទៅសម្រាក នៅសណ្ឋាគារសូហ្វីតែលភូកេត្រាវិញ មុននឹងចាក់ចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប នារសៀលថ្ងៃនេះ។
សូមបញ្ជាក់ថា នៅវេលាម៉ោង១៥៖០០នាទី លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីរាជធានីភ្នំពេញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាកំសាន្ត នៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។ ដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនាកំសាន្តប្រាសាទបុរាណនានា នៅតំបន់អង្គរ លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងទទួលទានអាហារពេលល្ងាច រៀបចំនិងស្វាមន៍ដោយអភិបាលខេត្តសៀមរាប។
លោកប្រធានាធិបតី និងភរិយា នឹងស្នាក់នៅខេត្តសៀមរាបមួយរាត្រី លុះដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១០៖៥០នាទីព្រឹក លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទស្សនា កន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) នៅខេត្តសៀមរាប។
នៅរសៀលម៉ោង១៦៖២៥នាទីថ្ងៃដដែល លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបន្តដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ជាបន្តទៀត៕