(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយមន្ត្រីរដ្ឋាករស្វយ័ត សាធារណៈរថយន្តក្រុង ដើម្បីបង្កើនសមត្ថភាពបម្រើសេវាសាធារណៈរថយន្តក្រុង ឲ្យកាន់តែប្រសើរ ថែមទៀត និងរកមធ្យោបាយអភិវឌ្ឍន៍ វិស័យដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ឲ្យកាន់តែមានការគាំទ្រពីប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង ។
នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកអភិបាល ក៏បានបញ្ជាឲ្យ ប្រធានរដ្ឋាករស្វយ័ត្នត្រូវរៀបចំចំណតនីមួយៗ ឲ្យមានរបៀបរៀបរយឡើងវិញ ព្រោះកន្លងមកចំណតស្ទើរទាំងអស់ មានសភាពមិនសមរម្យ គ្មានអនាម័យបរិស្ថាន សម្រាប់អ្នករង់ចាំជិះរថយន្តឡើយ ធ្វើឲ្យអ្នកជិះគេធុញទ្រាន់ មិនចង់ជិះ ។
លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា រយៈពេល ១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ២០១៦ មានអ្នកជិះសរុបចំនួន ២,១៦៧,០២២នាក់ ក្នុងនោះអ្នកមានបង់ថ្លៃចំនួន ១,៣៤២,១២៩ នាក់
អ្នកឥតបង់ថ្លៃមានចំនួន ៨២៤,៨៩៣នាក់ ជាមធ្យម ជិះ៦ពាន់នាក់ក្នុងមួយថ្ងៃ និងរកចំណូលបាន ជាង២០ពាន់លានរៀល និងចំណាយ ជាង១៤ពាន់លានរៀល។
លោកបានបន្តទៀតថា សាលារាជធានីត្រៀមនឹង បង្កើនខ្សែរត់បន្ថែមទៀត ដោយសារចិន គ្រោងបញ្ជូនរថយន្តក្រុងចំនួន១០០ គ្រឿងនៅពេលឆាប់ៗខាងមុខនេះ ។
ជាមួយគ្នានោះដែរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ក៏បានណែនាំឲ្យអ្នកបើកបរ ត្រូវមានសុជីវធម៌ នៅក្នុងការបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍។ ដោយកន្លងមកសព្វថ្ងៃ គេសង្កេតឃើញថា អ្នកបើកបររថយន្តក្រុង និងរដ្ឋាករស្វយ័តមួយចំនួន មិនទាន់មានការបើកបរគោរពច្បាប់នៅឡើយ។
សូមបញ្ជាក់ផងដែរថា អង្គការ JICA របស់ជប៉ុន បានសម្រេចផ្តល់រថយន្ត ដល់សាលារាជធានី ចំនួន១៤០គ្រឿង ក្នុងនោះ៨០គ្រឿង ប្រគល់នៅខែធ្នូ ចុងឆ្នាំ២០១៧ និង៦០គ្រឿងទៀតឆ្នាំ
២០២០ ខាងមុខនេះ ៕