(កណ្តាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ប្រកាសព្រមានដល់ម្ចាស់រថយន្ដដឹកទំនិញ និងរថយន្ដដឹកដី ដឹកខ្សាច់ទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ខេត្តកណ្ដាល ប្រសិនបើនៅបន្ដមិនស្ដាប់ការណែនាំ ដោយដឹកទំនិញលើសទម្ងន់ទៀត មន្ទីរសាធារណការ នឹងប្រើធម៌ក្ដៅ ចាត់វិធានការតាមផ្លូវច្បាប់ជាមិនខាន។
ថ្លែងបែបនេះ នៅពេលដែលលោកដឹកនាំក្រុមការងារជំនាញ ចុះបើកការដ្ឋានជួសជុលផ្លូវលេខមួយចំនួន នៅល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ដែលរងការខូចខាត ក្លាយទៅជាផ្លូវថ្លុក សំបុកមាន់ បង្កឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ និងជួសជុលឡើងវិញ ដើម្បីសម្រួលចរាចរ ដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ជាពិសេសងាយស្រួលដល់ពលរដ្ឋរស់នៅជាប់ដងផ្លូវ អាចប្រកបរបរលក់ដូរបានស្រួលផងដែរ និងបានជួសជុលបង្ហើយផ្លូវលេខ២១A។
ក្នុងឱកាសបើកការដ្ឋាននោះ លោកប្រធានមន្ទីរសាធារណការ បានប្រកាសព្រមានធ្ងន់ៗ ដល់ក្រុមអ្នករកស៊ីដឹកទំនិញ ដឹកដី ដឹកខ្សាច់ថា «សូមឲ្យគោរពខ្លួនឯងផង ត្រូវផ្ទុកតាមទម្ងន់កំណត់ កុំដាក់លើសទម្ងន់ ហើយកុំចាំទាល់តែមន្ទីរមានវិធានការក្តៅនោះ ប៉ុន្តែបើបងប្អូនទាំងនៅមិនគោរពតាមការណែនាំនោះ មន្ទីរនឹងមានវិធានក្តៅទៅលើរថយន្តណា មិនគោរពច្បាប់នាពេលដ៏ខ្លីខាងមុខ»។
ជាមួយគ្នានោះដែរ លោកបានបញ្ជាក់ថា ដោយមានការណែនាំពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានក្រើនរំលឹកជាប្រចាំឲ្យលោកខិតខំ ដឹកនាំកម្លាំងមន្ត្រីជំនាញចុះពិនិត្យគ្រប់ផ្លូវ ដែលមន្ទីរជាអ្នកទទួលមើលថែទាំ កុំឲ្យផ្លូវទាំងនោះក្លាយជាផ្លូវផ្លុកសំបុកមាន់ ឬក៏រហូតដល់ផ្តាច់ចរាចរនោះ។
លោកប្រធានមន្ទីរបន្តថា ក្រោយពីរដូវភ្លៀងធ្លាក់នោះ លោកបានដឹកនាំកម្លាំងមន្ត្រីជំនាញចុះទៅជួសជុល រួចរាល់ជាស្ថាពរ ហើយមិនមានផ្លុកសំបុកមាន់ទៀតនោះទេ ហើយទន្ទឹមនិងលោកជួសជុលរួច សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់ស្របដងផ្លូវទាំងអស់ សូមចូលជួយថែរក្សាផ្លូវ ដោយកុំយកសំរាមចោលមាត់លូ ប្រសិនឃើញមានកំណក់ដីនៅមាត់លូ សូមជួយកាយចោលផង ដើម្បីសម្រួលផ្លូវទឹកកុំឲ្យ ទឹកកកស្ទះនៅលើផ្លូវធ្វើឲ្យផ្លូវឆាប់ខូចខាតទៅវិញ ព្រោះការចូលរួមពីបងប្អូននេះ គឺជាការសំខាន់បំផុតមិនអាចខ្វះខាតបានទេ៕