(ព្រៃវែង)៖ ថ្លែងទៅកាន់មហាជនក្នុងមីទ្ទិញអបអរសាទរទិវាជ័យជម្នះ៧មករា ខួបលើកទី៣៨ នៅភូមិបាយ៉ាប ឃុំស៊ាងឃ្វាង ស្រុកកំចាយមារខេត្តព្រៃវែង នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ ឲ្យរួមគ្នាថែរក្សាសុខសន្តិភាព ដែលបានមកពីការខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិនបំផុត ដើម្បីការពារកុំឲ្យរបបប្រល័យពូជសាសន៍ ងើបឡើងវិញ។
លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានរំលឹកថា «ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹត នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយគណបក្សប្រជាជនកម្ពុជា និងបានបន្តដឹកនាំកសាងប្រទេសជាតិ រហូតសម្រេចបាននូវសមិទ្ធផលនានា យ៉ាងត្រចះត្រចង់ ដូចសព្វថ្ងៃនេះ»។
លោកទេសរដ្ឋមន្រ្តីបានបន្តថា «កម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាមវិនាសកម្ម និងអំពើប្រល័យពូជសាសន៍ដ៏ជូរចត់ និងសែនខ្លោចផ្សាទាំរាំទទួលបានសុខសន្តិភាពដូចសព្វថ្ងៃ។ ដូច្នេះយើង ត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីការពារខឿនសន្តិភាព និងប្រជាធិបតេយ្យ សំដៅផ្តល់នូវលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តនូវសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលកម្ពុជាកំពុងសម្រេចបាន នូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាង៧ភាករយ នារយៈពេលជាងមួយទសវត្សរ៍ កន្លងទៅនេះ»។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានផ្ញើសារជូនជនរួមជាតិ សម្រាប់មីទ្ទិញរំលឹកខួបលើកទី៣៨ នៃទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា២០១៧) ថា «យើងទាំងអស់គ្នា សូមលំឱនកាយសង្រួមចិត្តគោរពវិញ្ញាណក្ខន្ធជនរួមជាតិ ជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត ទៅយ៉ាងអាណោចអាធ័ម និងអយុត្តិធម៌ នៅក្នុងរបបប្រល័យពូជសាសន៍។ យើងមិនអាចភ្លេចបានឡើយ នូវអតីតកាលដ៏ខ្មៅងងឹត ដែលត្រូវគ្របដណ្តប់ដោយសង្គ្រាម និងឧក្រិដ្ឋកម្មយ៉ាងសាហាវយង់ឃ្នងក្រាលដោយឈាម និងទឹកភ្នែកប្រជាជន និងត្រូវគេរំលោភបំពាន ប្រមាថមាក់ងាយសព្វបែបយ៉ាង ក្នុងរយៈពេលតែ៣ឆ្នាំ៨ខែ២០ថ្ងៃ។ ពួកប៉ុលពតបានបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិ ឲ្យខ្ទេចខ្ទីដល់ឫសគល់សិទ្ធិសេរីភាព ដែលជាតម្លៃសារវ័ន្តត្រូវបានលុបបំបាត់ទាំងស្រុង ច្បាស់ណាស់ថា បើគ្មានការជួយសង្គ្រោះឲ្យទាន់ពេលវេលាទេ នោះប្រជាជនកម្ពុជានឹងត្រូវបន្តកម្ទេចដោយគ្មានទីបញ្ចប់ឡើយ»។
សូមបញ្ជាក់ថា ពិធីរាប់បាតប្រគេនព្រះសង្ឃចំនួន៧២អង្គ និងចែកចំណោយជូនពលរដ្ឋ ជាង៥,០០០នាក់ សម្តែងសិល្បៈ ល្ខោនបាសាក់ និងចាប៉ី ជូនទស្សនាក្នុងមីទ្ទិញអបអរសាទរខួប៣៨ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា និងខួបកំណើតគម្រប់ ៧២ឆ្នាំ របស់លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ផងដែរ៕