(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យ ការដ្ឋានផ្លូវកំពុងជួសជុល ត្រង់ចំណុចប្រសព្វ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៣ PK ១៥៩-១៦០ + ៩០០ នៅតំបន់ទីប្រជុំជនប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងត្រង់ចំណុចគីឡូម៉ែត្រ១៦៨ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលកំណាត់ផ្លូវនេះ ត្រូវបានខូចខាតដោយទឹកជំនន់ ហើយកំពុងត្រូវបានជួសជុល ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។
ក្នុងឱកាសចុះ ពិនិត្យគម្រោងស្ដារឡើងវិញនូវផ្លូវជាតិទាំងនោះ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ម្សិលមិញ លោកទេសរដ្ឋមន្ត្រី ក៍បានចុះពិនិត្យការដ្ឋានធ្វើឲ្យប្រសើរឡើង ផ្លូវជាតិលេខ៧ ត្រង់ចំណុច PK ៣៣៥ (ខ្លាស្ទុះ) ដែលកំពុងជួសជុល ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ដើម្បីធានាឲ្យបាននូវគុណភាពប្រើប្រាស់ និងភាពយូរអង្វែង នៃសំណង់ផ្លូវថ្នល់ផងដែរ៕