(ភ្នំពេញ)៖ លោក ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នឹងដឹកនាំមន្ត្រីជាន់ខ្ពស់របស់ក្រសួងចំនួន២៣រូប ចូលបំភ្លឺជូនគណៈកម្មការទី៧នៃរដ្ឋសភា នៅវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ចូលបំភ្លឺនេះ ធ្វើតាមការកោះអញ្ជើញរបស់លោក ញ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជំវិញបញ្ហាចំនួន៣ គឺ៖
ទី១៖ អំពីបញ្ហាទីតាំងរបស់ពុទ្ធសាសនបណ្ឌិត ទី២៖ អំពីបញ្ហាពុទ្ធិកសាកលវិទ្យាល័យ ទី៣៖ អំពីបញ្ហាប្រាក់ខែ និងប្រាក់ម៉ោង របស់មន្ត្រីសង្ឃនៅពុទ្ធិកសិក្សា។
សូមបញ្ជាក់ថា ចាប់តាំងពីចូលប្រជុំពេញអង្គនៅក្នុងរដ្ឋសភាវិញ តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦មក ក្រុមសមាជិកសភាមកពីគណបក្សប្រឆាំង បានធ្វើការកោះហៅរដ្ឋមន្រ្តីមួយចំនួនដើម្បីទៅបំភ្លឺជាបន្តបន្ទាប់ក្នុងនោះមានរដ្ឋមន្រ្តីក្រសួងរ៉ែ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាដើម។ ប៉ុន្តែការកោះហៅសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅបំភ្លឺរឿង លោក កែម ឡី នោះត្រូវបានច្រានចោលដោយប្រធានរដ្ឋសភា ដោយសារតែសំណុំរឿងនោះ ស្ថិតនៅក្នុងដៃតុលាការ៕