(សៀមរាប)៖ ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមួយនិងសាកលវិទ្យាល័យ នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រស្ត្រី អេវ៉ា (EWHA WOMANS MEDICAL CENTER) នៃក្រុងសេអ៊ូល របស់សាធារណរដ្ឋកូរ៉េ បានរៀបចំនៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ នៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងគោលបំណងដើម្បីការផ្លាស់ប្ដូរនូវបទពិសោធន៍គ្នាទៅវិញទៅមកខាងជំនាញវេជ្ជសាស្ត្រ, ការផ្លាស់ប្ដូរការងារអ្នកស្ម័គ្រចិត្តខាងវេជ្ជសាស្ត្រ និងការបញ្ជូនអ្នកជម្ងឺ រវាងគ្នាទៅវិញទៅមក ពិសេសខាងកម្ពុជា ឱ្យទៅព្យាបាលនៅកូរ៉េ។
ពិធីនេះ គឺខាងភាគីកម្ពុជា ស្ថិតក្នុងវត្តមានរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ត្រីសុខាភិបាលខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួមនិងមន្ត្រីជំនាញ ផងដែរ ។ ចំណែកឯខាងភាគីកូរ៉េ គឺមានវត្តមានរបស់លោក ថាក សឿងឃ្យូ អគ្គកុងស៊ុល នៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ខ្វាន ចាង គីម នៃមន្ទីរវះកាត់បេះដូង និងសរសៃឈាមបេះដូង នៃសាកលវិទ្យាល័យ អេវ៉ា តំណាងឱ្យលោកវេជ្ជបណ្ឌិត គីម សឿង ចុល នាយកសាកលវិទ្យាល័យ អេវ៉ា រួមជាមួយនិងក្រុមការងាររបស់សាកលវិទ្យាល័យ អេវ៉ា មួយចំនួនទៀតផងដែរ។
លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ បានថ្លែងឱ្យអ្នកសារព័ត៌មានដឹងថា ការចុះកិច្ចព្រមព្រៀងនេះ គឺជាការផ្ដួចផ្ដើមគំនិតដោយលោក អគ្គកុងស៊ុល នៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក្នុងគោលបំណងដើម្បីមានការវិវឌ្ឍន៍នូវសេវាសុខាភិបាលឱ្យមានរីកចម្រើនសម្រាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងការពង្រឹងនូវចំណងមិត្តភាព សហប្រតិបត្តិការ រវាង ប្រទេសនិងប្រជាជនកូរ៉េ ជាមួយនិងកម្ពុជា ពិសេសនៅខេត្តសៀមរាប យើងនេះ។
លោកបានបញ្ជាក់ថា ៖ ការចុះកិច្ចព្រមព្រៀងនេះ គឺមានខ្លឹមសារសំខាន់ចំនួន ៣ គឺ ៖ ទី១) គឺធ្វើឱ្យការអភិវឌ្ឍន៍ និងមានវឌ្ឍនភាព នូវសេវាសុខាភិបាល គឺសំដៅលើគុណភាពសេវា និងសមត្ថភាព នៃវិស័យសុខាភិបាល រវាងភាគីទាំងសង្ខាង ពិសេសគឺខាងភាគីកម្ពុជាយើង។ ទី២) គឺដើម្បីរឹតចំណងសាមគ្គីភាព តាមរយៈមានការផ្លាស់ប្ដូរអ្នកស្ម័គ្រចិត្ត រវាងគ្នាទៅវិញទៅមក ដោយមានការទទួលយកអ្នកស្ម័គ្រចិត្ត ជាគ្រួពេទ្យខាងផ្នែកឯកទេស ខាងភាគីកូរ៉េ មកសហការ ផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ ដល់ក្រុមគ្រូពេទ្យកម្ពុជា។ ទី៣) គឺការបញ្ជូនអ្នកជម្ងឺ ឱ្យទៅព្យាបាលនៅសាកលវិទ្យាល័យ អេវ៉ា នៅពេលដែលខាងភាគីកម្ពុជាយើង អស់លទ្ធភាពក្នុងការព្យាបាល ពិសេសក្នុងករណីធ្ងន់ធ្ងរ ដូចជាជម្ងឺមហារីក ការវះកាត់ធំៗ ដូចជា ការវះកាត់បេះដូង ជាដើមនោះ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា៖ ភាគីទាំងពីរ នឹងធ្វើផែនការរួមគ្នា ដើម្បីពិនិត្យមើលថាតើយើង នឹងចាប់ផ្ដើមនូវសកម្មភាពអ្វីខ្លះ ដើម្បីឱ្យបានសម្រេចនូវគោលបំណងទាំងបីខាងលើនេះ។ នៅក្នុងពិធីនារសៀលនេះ ខាងភាគីកូរ៉េ បានប្រគល់ជូននូវឱសថ និងបរិក្ខាពេទ្យ មួយចំនួន ផងដែរ ដល់ខាងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់ប្រើប្រាស់ ពិសេសសម្រាប់ពេលធ្វើការវះកាត់ព្យាបាលអ្នកជម្ងឺ៕