(ភ្នំពេញ)៖ បន្ទាប់ពីស្នាក់ការនៅសណ្ឋាគារសូហ្វីតែលភូកេត្រាអស់២យប់ វេលាម៉ោង១១៖០០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ពិនិត្យគម្រោងមួយចំនួនរបស់មន្ទីរពេទ្យសិង្ហបុរី ជាមួយមន្ទីរពេទ្យកាល់ម៉ែត មុននឹងចាកពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាបនាពេលរសៀលថ្ងៃនេះ។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសិង្ហបុរី តូនី តាន់ កេងយាំ នៅប្រទេសកម្ពុជា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីសិង្ហបុរី នៅវិមានសន្តិភាព មានអនុស្សារណៈចំនួន២ ត្រូវបានចុះហត្ថលេខា។ ក្នុងនោះរួមមាន៖
ទី១.អនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី។
ទី២.ពិធីចុះហត្ថលេខាលើអនុស្សារណៈ រវាងមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng ប្រទេសសិង្ហបុរី។
នៅវេលាម៉ោង១៥៖០០នាទី លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីរាជធានីភ្នំពេញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាកំសាន្ត នៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។ ដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនាកំសាន្តប្រាសាទបុរាណនានា នៅតំបន់អង្គរ លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងទទួលទានអាហារពេលល្ងាច រៀបចំនិងស្វាមន៍ដោយអភិបាលខេត្តសៀមរាប។
លោកប្រធានាធិបតី និងភរិយា ស្នាក់នៅខេត្តសៀមរាបមួយរាត្រី លុះដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១០៖៥០នាទីព្រឹក លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទស្សនា កន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) នៅខេត្តសៀមរាប។
នៅរសៀលម៉ោង១៦៖២៥នាទីថ្ងៃដដែល លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបន្តដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ជាបន្តទៀត៕