(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ នឹងអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀង-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ។
ក្នុងពិធីសម្ពោធនោះ សម្តេចតេជោ ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត នឹងថ្លែងសុន្ទរកថាមួយចំនួន ។ បន្ទាប់ពីនោះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទស្សនាទំនប់វារីអគ្គីសនីដនសាហុង ដែលមានទីតាំងនៅក្នុងខេត្តចំប៉ាសាក់តែម្តង។
ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការបើកឱ្យប្រើប្រាស់ច្រកត្រួតពិនិត្យព្រំដែនជាមួយប្រទេសឡាវថ្មីនេះ បង្ហាញពីការរីកចំរើនថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។ ការបើកឱ្យប្រើប្រាស់នេះក៏នឹងឆ្លើយតបផងដែរចំពោះតម្រូវការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជួយសម្របសម្រួល បន្ថែមទៀត ដល់ពាណិជ្ជកម្មតាមព្រំដែនទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ។
អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានចុះបឋមសិលានៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៩ និងបានសាងសង់រួចរាល់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដោយអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ។ បច្ចុប្បន្នច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល មានភ្ញៀវឆ្លងកាត់ក្នុងមួយថ្ងៃចន្លោះពី១៤០ ទៅ១៦០នាក់។ ភ្ញៀវបរទេសចូលមកកម្ពុជាភាគច្រើនជាជនជាតិបារាំង និងអង់គ្លេស។ សម្រាប់ទំនិញវិញចូលពីឡាវមាន ម៉ូតូហុងដា ការហ្វេ និងបន្លែ។ល។ រីឯទំនិញចេញពីកម្ពុជាទៅឡាវ មានត្រី ពូជជ្រូក និងកូនមាន់។ល៕