(ស្ទឹងត្រែង)៖ សាលាខេត្តស្ទឹងត្រែងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ បានរៀបចំពិធីចូលកាន់តំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មី នៅក្នុងខេត្តស្ទឹងត្រែង។ លោក ព្រំ ចាន់ថា បានចូលមកគ្រងតំណែងប្រធានអភិវឌ្ឍន៍ជនបទថ្មី ជំនួសលោក ម៉ិញ ស៊ីចាយ ដែលត្រូវបានផ្លាស់ទៅកាន់តំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីក្នុងខេត្តស្ទឹងត្រែងវិញ។
ថ្លែងក្នុងពិធីផ្លាស់ប្តូរតំណែងនេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានថ្លែងជំរុញលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដែលទើបចូលកាន់តំណែងត្រូវខិតខំប្រឹងត្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មាតី មានសាមគ្គីភាព គោរពច្បាប់ និងគោលការណ៍ជាធរមាន ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវភាពជាអ្នកដឹកនាំល្អ និងបន្តកៀរគរធនធានឲ្យបានកាន់តែច្រើនថែមទៀត ដើម្បី ពង្រឹង និងពង្រីកវិស័យអភិវឌ្ឍន៍ជនបទក្នុងខេត្តស្ទឹងត្រែង ឲ្យមានការឆ្លើយតបបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្ត ក៏បានស្នើឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាពិសេសប្រធានមន្ទីរថ្មី ត្រូវពិនិត្យពិចារណា និងរៀបចំគម្រោងផែនការចលនាភូមិថ្មី ផ្តោតលើការអភិវឌ្ឍសហគមន៍ ការផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅ និងការលើកកម្ពស់ជីវភាពរស់នៅក្នុងសហគមន៍ ដែលគម្រោងនេះអាចរៀបចំអនុវត្តសាកល្បងជាគំរូ និងផ្អែកតាមបទពិសោធន៍ ទើបអាចឈានទៅពង្រីកជាបណ្តើរៗតទៅទៀត។
ជាមួយគ្នានោះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទក៏បានថ្លែងរំលឹកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មី ត្រូវខិតខំប្រឹងត្រែងយកអស់កម្លាំងកាយចិត្ត រួមគ្នាជាធ្លុងមួយ និងការពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងជួរថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឈរលើមូលដ្ឋាននៃកាលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ៕