(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ប្រទេសកាន់តែអភិវឌ្ឍន៍រីកចម្រើន បញ្ហាបរិស្ថាន ក៏កាន់តែប្រឈមដែរ ដោយសារតែកាកសំណល់ទាំងឡាយ មិនងាយរលាយ ដូច្នេះ ត្រូវទាមទារឲ្យមនុស្ស មានការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច។
ការលើកឡើងបែបនេះ ធ្វើឡើងគ្រាដែលលោក ត្រូវបានជួបសំណេះសំណាលជាមួយមន្រ្តីបរិស្ថាន មន្ត្រីឧទ្យានុរក្ស អភិបាល-អភិបាលរងក្រុង-ស្រុក នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅមន្ទីរបរិស្ថាន។
លោក វ៉ី សំណាង បានលើកឡើងថា «ប្រទេសកម្ពុជា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ គឺពិតជាមានបញ្ហាប្រឈម ផ្នែកបរិស្ថានខ្លាំង ព្រោះសម័យជឿនលឿននេះ មនុស្សប្រើថង់ផ្លាស្ទិច និងងគ្រឿងជ័រ វាមិនអាចរលាយទៅនឹងធម្មជាតិបានងាយ ដូច្នេះត្រូវទាមទាឲ្យមនុស្ស រួមគ្នាកាត់បន្ថយការប្រើប្រាស់ថងផ្លាស្ទិច»។
ក្រោយពីបានស្តាប់ការលើកឡើង ពីបញ្ហាប្រឈមនានា ទាំងភាពខ្លាំង និងភាពខ្សោយរបស់ប្រធានមន្ទីរបរិស្ថាន លោក គាត រង្សី អង្គភាពនៃមន្ទីរបរិស្ថាន ក៏បានស្នើឲ្យអស់លោកជា អភិបាល អភិបាលរងក្រុង-ស្រុក ជួយបំផុសចលនាមហាជន ជាពិសេសឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងមូលដ្ឋាន ត្រូវជួយគ្នាសម្អាតបរិស្ថានផងដែរ៕