(ភ្នំពេញ)៖ នៅម៉ោង៩៖០០យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ បានអញ្ជើញចាកចេញពីព្រះបរមរាជវាំង ត្រឡប់ទៅកាន់សណ្ឋាគារសូហ្វីតែលភូកេត្រាវិញហើយ បន្ទាប់ពីពិធីលៀងសាយភោជន៍ នៅក្នុងព្រះបរមរាជវាំងបានបញ្ចប់ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។
សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១១៖០០នាទី លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ពិនិត្យគម្រោងមួយចំនួន របស់សិង្ហបុរី នៅមន្ទីរពេទ្យកាល់ម៉ែត។
នៅវេលាម៉ោង១៥៖០០នាទី លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីរាជធានីភ្នំពេញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាកំសាន្ត នៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។ ដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនាកំសាន្តប្រាសាទបុរាណនានា នៅតំបន់អង្គរ លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងទទួលទានអាហារពេលល្ងាច រៀបចំនិងស្វាមន៍ដោយអភិបាលខេត្តសៀមរាប។
សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១០៖៥០នាទីព្រឹក លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទស្សនា កន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) នៅខេត្តសៀមរាប។
នៅរសៀលម៉ោង១៦៖២៥នាទីថ្ងៃដដែល លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបន្តដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ជាបន្តទៀត៕