(ភ្នំពេញ)៖ ឆ្លើយតបតាមការអញ្ជើញរបស់សហព័ន្ធកីឡាទូកក្តោង របស់ប្រទេសសិង្ហបុរី សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនគណៈប្រតិភូកីឡាករមួយ ដឹកនាំដោយលោក ថោង រដ្ឋស័ក្កិ អនុប្រធានសហព័ន្ធ ទៅចូលរួមប្រកូតកីឡាទូកក្តោង 36th Singapore Open Windsurfing Championship ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ជាលក្ខណៈអន្តរជាតិ ដែលមានកីឡាករចូលរួមចំនួន១០០រូប មកពីបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក។
កីឡាករកម្ពុជា សហព័ន្ធបានបញ្ជូនទៅ២រូបនោះ ទី១៖ឈ្មោះ ហៀង ស៊ុនហេង ភេទប្រុស អាយុ១៤ឆ្នាំ និងទី២៖ឈ្មោះ សូត្រ មេសា ភេទប្រុស អាយុ១៤ឆ្នាំ ហើយនេះគឺជាលើកដំបូងរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ដែលបានបញ្ជូនកីឡាករ ទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។
ជាមួយគ្នានោះ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក៏បានបញ្ជូនកីឡាករមួយរូបទៀតដែលមានឈ្មោះ ឌុច ប៊ុនធឿន ទៅចូលរួមប្រកួតទូកក្តោងប្រភេទ Laser 470 នៅប្រទេសសិង្ហបុរី នោះផងដែ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា ចាប់តាំងពីពេលកកើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ រហូតពេលនេះមានអាយុត្រឹមតែ១ឆ្នាំ ៤ខែតែប៉ុណ្ណោះ ប៉ុន្តែសហព័ន្ធទទួលបានលទ្ធផលល្អគួរឲ្យកត់សំគាល់។ កន្លងមកសហព័ន្ធកីឡាទូកក្តោងកម្ពុជា ធ្លាប់បានបញ្ជូនកីឡាករទៅហ្វឹកហាត់ ផ្លាស់ប្តូរបទពិសោធន៍ជាមួយកីឡាករជម្រើសជាតិរបស់ ប្រទេសថៃនៅ ទីក្រុងប៉ាតាយា ប្រទេសថៃរយៈពេល២សប្តាហ៌ផងដែរ៕