(ភ្នំពេញ)៖ នៅខណៈម៉ោង៧៖០០យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ប្រធានាធិបតីសិង្ហបុរី តូនី តាន់ កេងយាំ កំពុងចូលរួមពិធីលៀងសាយភោជន៍ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេចបរមនាថ ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។
សូមបញ្ជាក់ថា លោក តូនី តាន់ កេងយ៉ា បានមកដល់ប្រទេសកម្ពុជា កាលពីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់១១ ខែមករា ឆ្នាំ២០១៧ ក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ អំឡុងពេលមកដល់ប្រទេសកម្ពុជានេះ លោកបានចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ និងជួបពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែនផងដែរ។
ដោយឡែក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ វេលាម៉ោង១១៖០០នាទី លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែតពិនិត្យគម្រោងមួយចំនួន របស់សឹង្ហបុរី នៅមន្ទីរពេទ្យកាល់ម៉ែត។
នៅវេលាម៉ោង១៥៖០០នាទី លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីរាជធានីភ្នំពេញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាកំសាន្ត នៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។ ដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនាកំសាន្តប្រាសាទបុរាណនានា នៅតំបន់អង្គរ លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងទទួលទានអាហារពេលល្ងាច រៀបចំនិងស្វាមន៍ដោយអភិបាលខេត្តសៀមរាប។
សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១០៖៥០នាទីព្រឹក លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទស្សនា កន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) នៅខេត្តសៀមរាប។
នៅរសៀលម៉ោង១៦៖២៥នាទីថ្ងៃដដែល លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបន្តដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ជាបន្តទៀត៕