(កំពង់ធំ)៖ ក្នុងការយកចិត្តទុកដាក់ជីវភាព របស់កម្មករឲ្យកាន់តែមានភាពប្រសើឡើង ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានចុះពិនិត្យ និងដោះស្រាយការថ្នាំងថ្នាក់ របស់កម្មករក្នុងក្រុមហ៊ុនចំការកៅស៊ូ «CRCK2» ស្ថិតក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលតែងតែមានការរអ៊ូរទាំ ពីកម្មករថាក្រុមហ៊ុន មិនបានគោរពលក្ខខណ្ឌក្នុងការបើកប្រាក់។
លោក ស្រ៊ីម សុគា ជាកម្មករចំការកៅស៊ូ បានលើកឡើងថា ចាប់ពីខែ វិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៦ កម្មករចូលដំបូងមានរយៈពេលពីរខែ ក្រុមហ៊ុនបានគិតឲ្យតម្លៃកម្មករគិតចំនួនដើម នៃការជៀរជ័រ ដោយគិតតម្លៃមួយដើម៥០រៀលក្នុងមួយថ្ងៃ លុះដល់ខែមករា ឆ្នាំ២០១៧ ក្រុមហ៊ុនគិតជាគីឡូក្នុងការជៀរជ័រ ដល់ពេលបើកប្រាក់ខែធ្វើឲ្យកម្មករខ្លះបានតិច កម្មករខ្លះបានច្រើន បានជាធ្វើឲ្យកម្មករខ្លះមិនសុខចិត្ត។
លោក ឈីវ តិច ជាអ្នកបកប្រែឲ្យតំណាងក្រុមហ៊ុនចំការកៅស៊ូ បានលើកឡើងថា ចំពោះកម្មករមានពីរក្រុម ក្រុមអ្នកចាស់ និងអ្នកថ្មី ការជៀរយកជ័រកៅស៊ូ ក្រុមហ៊ុនបានឲ្យកម្មករជៀរយកជ័រ ដោយគិតជាដើមព្រោះខែទី១ និងទី២ នោះកៅស៊ូបានជៀរយកមុខ ហើយមិនសូវមានចេញជ័រទេ លុះដល់ខែទី៣ ទើបកៅស៊ូមានជ័រច្រើន ហើយក្រុមហ៊ុនគិតតម្លៃកៅស៊ូជាគីឡូវិញ ទើបធ្វើឲ្យអ្នកចាស់ និងអ្នកថ្មីបើកប្រាក់បានខុសគ្នា។
ជាមួយគ្នានោះ លោក គង់ វិមាន បានលើកឡើងដោយស្នើឲ្យក្រុមហ៊ុន ជួយពន្យល់ដល់កម្មករឲ្យបានច្បាស់លាស់ ពីតម្លៃជៀរជ័រក្នុង ខែវិច្ឆិកា និងខែធ្នូ ចំពោះអ្នកចូលថ្មី និងខែបន្ទាប់ប្រសិនបងប្អូន មិនបានយល់ទើបធ្វើឲ្យមានការតវ៉ាយ៉ាងដូច្នេះ។
ក្នុងនោះដែរលោកអភិបាលរងខេត្ត បានបន្តចុះពិនិត្យការសាងសង់ការិយាល័យការងារ របស់សហគមន៍ដោយផ្តល់ថវិកាផ្ទាល់ខ្លួន ដើម្បីបញ្ចប់ការសាងសង់ និងជំរុញប្រជាពលរដ្ឋឲ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងជំរុញការធ្វើអត្តសញ្ញាណប័ណ្ណ៕