(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង របស់លោក ព្រំ ចាន់ថា ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព លោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អ៊ុក រ៉ាប៊ុន។ នៅក្នុងពិធីប្រកាសចូលកាន់តំណែងនេះ ក៏មានការចូលរួមពីលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងផងដែរ។
ថ្លែងនៅក្នុងពិធីនេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា លោក ព្រំ ចាន់ថា ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដែលទទួលបានការតែងតាំង និងប្រកាសចូលកាន់តំណែងនៅពេលនេះ ត្រូវខិតខំប្រឹងត្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មាតី មានសាមគ្គីភាព គោរពច្បាប់ និងគោលការណ៍ជាធរមាន ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវភាពជាអ្នកដឹកនាំល្អ និងបន្តកៀគរធនធានឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីបន្តពង្រឹង និងពង្រឹកវិស័យអភិវឌ្ឍន៍ជនបទក្នុងខេត្តស្ទឹងត្រែង ឲ្យមានការឆ្លើយតបទៅនឹង បំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្ត បានស្នើឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាពិសេសប្រធានមន្ទីរថ្មី ត្រូវពិនិត្យពិចារណា និងរៀបចំគម្រោងផែនការចលនាភូមិថ្មី ផ្តោតលើការអភិវឌ្ឍសហគមន៍ ការផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅ និងការលើកកម្ពស់ជីវភាពរស់នៅក្នុងសហគមន៍ ដែលគម្រោងនេះអាចរៀបចំអនុវត្តសាកល្បងជាគំរូ និងផ្អែកតាមបទពិសោធន៍ ទើបអាចឈានទៅពង្រីកជាបណ្តើរៗតទៅទៀត។
ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន បានថ្លែងថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដែលត្រូវបានតែងតាំងនៅពេលនេះ ត្រូវខិតខំប្រឹងត្រែងយកអស់កម្លាំងកាយចិត្ត រួមគ្នាជាធ្លុងមួយ និងការពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងជួរថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឈរលើមូលដ្ឋាននៃកាលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ។
សូមបញ្ជាក់ថា លោក ព្រំ ចាន់ថា ត្រូវបានតែងតាំងជា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ជំនួសលោក ម៉ិញ ស៊ីចាយ ដែលត្រូវបានក្រសួងផ្តល់សេចក្តីទុកចិត្តតែងតាំងជា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង៕