(ភ្នំពេញ)៖ ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរីលោក តូនី តាន់ កេងយាំ បានយល់ព្រមតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការស្នើឱ្យប្រទេសសិង្ហបុរីបង្កើនការទិញអង្ករក្រអូបពីប្រទេសកម្ពុជា នេះបើតាមការអះអាងរបស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។
ការយល់ព្រមចំពោះការទិញអង្ករលេខ១បន្ថែមនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក តូនី តាន់ កេងយាំ នៅឯកវិមានសន្តិភាព នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ នាគ្រាដែលលោកបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា។
ក្រោយបញ្ចប់ជំនួបថ្នាក់កំពូលនេះ លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសិង្ហបុរីពិចារណារ លើការទិញអង្ករ ពីប្រទេសកម្ពុជាយើង ជាពិសេសអង្ករដែលមានគុណភាពល្អ ជាពិសេសអង្ករសេរីរាង្គ ដែលកម្ពុជាកំពុងជំរុញធ្វើការដាំដុះសម្រាប់ការនាំចេញនេះ»។ លោកបានពន្យល់បន្តថា «ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីសិង្ហបុរី បានយល់ស្របជាមួយនឹងសម្តេចតេជោ នូវអ្វីដែលសម្តេចតេជោបានលើកឡើង»។
របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បានឱ្យដឹងថា ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ មានប្រទេសចំនួន៤ ដែលនាំចូលអង្ករពីប្រទេសកម្ពុជា។ ប្រទេសសិង្ហបុរីមានចំណាត់ថ្នាក់លេខ៣ ក្នុងបណ្តាប្រទេសអាស៊ាន ដែលនាំចូលអង្ករពីប្រទេសកម្ពុជា។ របាយការណ៍នេះ បានបង្ហាញថា នៅឆ្នាំ២០១៦ កន្លងទៅ ប្រទេសសិង្ហបុរីក៏បាននាំចូលអង្ករពីប្រទេសកម្ពុជាចំនួន ៣,០៧៥តោន ផងដែរ ប៉ុន្តែចំនួននេះ នៅមានកម្រិតនៅឡើយ។
ជាមួយនឹងការជំរុញឱ្យសិង្ហបុរីទិញអង្ករពីប្រទេសកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យ លោក តូនី តាន់ កេងយាំ ជំរុញដល់អ្នកវិនិយោគរបស់ខ្លួន ឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ សម្តេចបានថ្លែងថា រហូតដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណតែ៥០០លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយទំហំនេះនៅមិនទាន់ឆ្លើយតបសក្តានុពលរបស់ប្រទេសកម្ពុជានៅឡើយទេ។
កាលពីពេលថ្មីៗនេះ ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍអាស៊ី (ADB) និងរាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍ដូចគ្នាថា ប្រទេសកម្ពុជានឹង នៅតែបន្តរក្សាកំណើនសេដ្ឋកិច្ច នៅក្នុងរង្វង់៧ភាគរយ ដែលជាកំណើនខ្ពស់មួយ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់។
ខណៈដែលទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃនៅកម្ពុជានេះ លោក តូនី តាន់ កេងយាំ ប្រធានាធិបតីទី៧ របស់សិង្ហបុរី ដែលឡើងកាន់អំណាចពីឆ្នាំ២០១១ ក៏បានកោត សរសើរអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ លោកចាត់ទុកថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕