Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅម៉ោង៧៖០០យប់នេះ ប្រធានាធិបតី​សឹង្ហបុរី នឹងចូលរួម​ពិធី​លៀងសាយភោជន៍ ជាមួយ​ព្រះមហាក្សត្រខ្មែរ​

09-01-2017 18:06

(ភ្នំពេញ)៖​ បន្ទាប់ពីបញ្ចប់ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព, នៅម៉ោង៧៖០០យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ប្រធានាធិបតីសឹង្ហបុរី លោក តូនី តាន់ កេងយាំ នឹងអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជអធិបតីភាពរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ នៅក្នុងពិធីនោះព្រះមហាក្សត្រ នឹងមានព្រះរាជបន្ទូលស្វាគមន៍លោកប្រធានាធិបតីសឹង្ហបុរី និងភរិយា។

ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១១៖០០នាទី លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់មន្ទីរពេទ្យកាល់ម៉ែតពិនិត្យគម្រោងមួយចំនួន របស់សឹង្ហបុរី នៅមន្ទីរពេទ្យកាល់ម៉ែត។

នៅវេលាម៉ោង១៥៖០០នាទី លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីរាជធានីភ្នំពេញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាកំសាន្ត នៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។ ដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនាកំសាន្តប្រាសាទបុរាណនានា នៅតំបន់អង្គរ លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងទទួលទានអាហារពេលល្ងាច រៀបចំនិងស្វាមន៍ដោយអភិបាលខេត្តសៀមរាប។

សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១០៖៥០នាទីព្រឹក លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទស្សនា កន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) នៅខេត្តសៀមរាប។

នៅរសៀលម៉ោង១៦៖២៥នាទីថ្ងៃដដែល លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបន្តដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ជាបន្តទៀត៕