(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្រ្តៃយ៍ គណៈគណកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា ឃុំត្បូងក្រពើ ក្នុងស្រុកសន្ទុក និងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានជ្រើសរើសជាឃុំគំរូក្នុងការបោះឆ្នោតបេក្ខភាព ក្រុមប្រឹក្សាឃុំ សម្រាប់អណត្តិទី៤។
ការបោះឆ្នោតជ្រើសរើស បេក្ខភាពក្រុមប្រឹក្សាឃុំ សម្រាប់អាណត្តិទី៤ របស់ឃុំទាំ២នេះ ត្រូវបានធ្វើជាសង្ងាត់ នៅក្នុងសន្និបាតគណៈកម្មាធិការបក្សឃុំ ដាច់ដោយឡែកពីគ្នាសម្រាប់ ឃុំត្បូងក្រពើ ក្នុងស្រុកសន្ទុក ធ្វើនៅរសៀលថ្ងៃទី៧ ខែមករា និងឃុំចំំណាក្រោម ស្រុកស្ទោង ធ្វើនៅរសៀលថ្ងៃទី៨ ខែមករា ក្រោមការចូលរួមពិនិត្យពីលោក ជា ចាន់តូ ។
នៅក្នុងសន្និបាតនេះ ឃុំនីមួយៗក៏បានបង្ហាញពីលទ្ធផលការងារ ដែលខ្លួនសម្រេចបាន ក្នុងរយៈពេលឆ្នាំកន្លងមក និង បង្ហាញពីផែនការអនុវត្ត គោលនយោនបាយឃុំ សម្រាប់អនុវត្តបន្តនៅក្នុងអាណត្តិទី៤ ដើម្បីសុំការគាំទ្រពីសមាជិក សមាជិការបស់ខ្លួនផងដែរ។
ចំពោះផែនការដែល ជាគោលនយោនបាយ សម្រាប់អនុវត្តឃុំបន្ត នៅក្នុងអាណត្តិទី៤ នោះឃុំទាំង២ បានផ្ដល់អាទិភាពជាសំខាន់ ទៅលើការងារចំនួន៥ រួមមាន៖ ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច, ការងារអភិវឌ្ឍវិស័យសង្គមកិច្ច, ការងារធនធានទឹក និងបរិស្ថាន, ការងារសេវាកម្មរដ្ឋបាល និងសន្តិសុខ និងការងារយេនឌ័រ។
ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែល គណៈកម្មាធិការបក្សឃុំនីមួយៗ សម្រេចបាននៅក្នុងអាណត្តិទី៣ នោះលោក ជា ចាន់តូ បានក្រើនរំលឹកលើការងារមួយចំនួន ដល់គណៈកម្មាធិការបក្សឲ្យបន្ត ការយកចិត្តទុកដាក់ផងដែរ ដើម្បីឲ្យ ទទួលបាននូវការគាំទ្រពី ប្រជាពលរដ្ឋសម្រាប់អាណត្តិទី៤ទៀត នោះត្រូវក្ដាប់ឲ្យបានពីគោលដៅ ចម្បងដែលជាតម្រូវការ ប្រជាពលរដ្ឋ និងសំណូមពររបស់គណបក្ស ដូចជាការងារអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គម ហើយត្រូវធានាឲ្យបាននូវបរិយាកាសសន្តិភាព ស្ថេរភាពទូទៅរបស់ឃុំ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅសុខដុមរមនា និងមានជីវភាពធូរធារ។
លោក ជា ចាន់តូ បានបន្តទៀតថា ដើម្បីឲ្យប្រជាពលរដ្ឋក្នុងឃុំ មានការគាំទ្រចំពោះផែនការ ដែលជាគោលនយោនបាយ សម្រាប់អនុវត្តឃុំបន្តនោះ មិនត្រូវដាក់ ផែនការធំហួសពីសមត្ថភាព ដែលខ្លួនមានលទ្ធភាពធ្វើបាននោះឡើយ ដែលនាំឲ្យបាត់បង់ការជឿជាក់ សម្រាប់អាណត្តិក្រោយៗទៀត ពេលដែលខ្លួនអនុវត្តមិនបានតាមផែនការនោះ ។
ហើយការសម្រេចបោះឆ្នោតជ្រើសរើស បេក្ខភាពក្រុមប្រឹក្សាឃុំវិញ គប្បីកុំប្រើមនោសញ្ចេតនាត្រូវគិតពីសមត្ថភាព និង គុណភាព ដឹកនាំព្រមទាំងមានឧត្ថមគតិខ្ពស់ ចំពោះការអភិវឌ្ឍមូលដ្ឋាន និងផ្ដល់សេចក្ដីសុខសាន្ត ជូនប្រជាជន។
សូមបញ្ជាក់ថា យោងតាមប្រតិទិន របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណ្ណត្តិទី៤ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕