(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ បង្ហាញមុខក្រុមចោរប្រដាប់ដោយអាវុធ AK ៨នាក់ ដែលបានធ្វើសកម្មភាពចូលប្លន់បាញ់សម្លាប់ ថៅកែរោងម៉ាស៊ីនកិនស្រូវ នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ មុនពេលបញ្ជូនទៅតុលាការ។

សន្និសីទបង្ហាញមុខក្រុមចោរប្រដាប់អាវុធនេះ ​បានធ្វើឡើងដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ឡិក វណ្ណៈ អនុប្រធាននាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ង៉េង ជួ, លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល, លោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួល​ផែនព្រហ្មទណ្ឌ និងលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ព្រមទាំងនគរបាលពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។

លោកឧត្តមសេនីយ៍ទោ ឡិក វណ្ណៈ បានបញ្ជាក់ថា ​ប្រតិបត្តិការបង្ក្រាបក្រុមចោរ ប្រដាប់អាវុធខាងលើនេះ ត្រូវបានធ្វើឡើងដោយបញ្ជាផ្ទាល់ពី នាយឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលណែនាំពី នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងទទួលផែនព្រហ្មទណ្ឌ,​ លោក​ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ប្រធាននាយកដ្ឋាន នគរបាលកណ្ដាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ​។

លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា ក្រោយទទួលបានការណែនាំ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនាយកដ្ឋានកណ្ដាល​សន្ដិសុខ កម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល កម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្រប​​សម្រួល​ពីលោក លី សុផាណា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាំងពីថ្ងៃកើតហេតុ​ គឺថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ទើបកម្លាំងជំនាញបង្ក្រាប បានក្រុមចោរប្លន់ប្រដាប់អាវុធ៨នាក់ ក្នុងចំណោមបក្ខពួក១១នាក់ ហើយក្រោយ​ប្រតិបត្តិការ នគរបាលដកហូតបាន អាវុធ AK ចំនួន៣ដើម គ្រាប់មួយចំនួនធំ និងសំលៀកបំពាក់យោធា ព្រមទាំងឧបករណ៍ ប្រើប្រាស់មួយចំនួនទៀត។

ក្រុមចោរប្រដាប់អាវុធ ដែលបង្ក្រាបបានទាំង៨នាក់នេះ ទី១៖ ឈ្មោះ អ៊ី សោភ័ណ្ឌ អាយុ៣២ឆ្នាំ, ទី២៖ ឈ្មោះ សាត ធីម អាយុ៣៨ឆ្នាំ, ទី៣៖ ឈ្មោះ ស្វាយ តាក់ អាយុ៣៨ឆ្នាំ, ទី៤៖ ឈ្មោះ ស៊ុន ប៊ុនធឿន អាយុ៣៥ឆ្នាំ, ទី៥៖ ឈ្មោះ សួង ធី ហៅឪ អាយុ៣៥ឆ្នាំ, ទី៦៖ ឈ្មោះ អឿន សុផា ហៅផា អាយុ៣៣ឆ្នាំ, ទី៧៖ ឈ្មោះ ហម ហាន អាយុ៤៥ឆ្នាំ និងទី៨៖ ឈ្មោះ មាស ធីម ហៅធីមធំ អាយុ៣៦ឆ្នាំ ដោយឡែកបក្ខពួក៣នាក់ទៀត ដែលកម្លាំងនគរបាលជំនាញ​កំពុងតាម​ប្រមាញ់ ទី១៖ឈ្មោះ ផន សុភ័ណ្ឌ ទី២៖ ឈ្មោះ រ៉ា និងម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះ។

សូមបញ្ជាក់ថា ចោរប្លន់មួយក្រុមខាងលើប្រដាប់ដោយកាំភ្លើង AK បានចូលទៅធ្វើសកម្មភាពប្លន់ផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ដែលជាថៅកែ​រោងម៉ាស៊ីនកិន​ស្រូវ ដោយបានចាប់ជនរងគ្រោះចង និងយកស្កុតបិទមាត់ជាប់ មិនឲ្យស្រែក ព្រមទាំងបានបាញ់ប្រហារ ទៅលើបុរសម្នាក់ ដែលត្រូវជាបងប្អូនជីដូនមួយ ពេល​រត់មកជួយ ក្រោយឭសំឡេងស្រែក របស់ជនរងគ្រោះ ហើយបណ្តាលឲ្យរងរបួសធ្ងន់ផងដែរ។

ករណីប្លន់ប្រដាប់អាវុធនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦​ ស្ថិតនៅក្នុងភូមិ ព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបុរសម្នាក់ដែលក្រុមចោរបាញ់ ឲ្យរបួសធ្ងន់នោះ ​នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦​ បានបាត់​បង់ជីវិត​ ដោយទុក​ប្រពន្ធ និងកូនប្រុសស្រី៣នាក់​៕