(ភ្នំពេញ)៖ គណៈកម្មការរៀបចំ កម្មវិធីប្រកួតប្រជែងគូររូបនិមិត្ត (MASCOT) និងតែងនិពន្ធពាក្យស្លោក (SLOGAN) សម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរកឃើញម្ចាស់TOP-10 ហើយ បន្ទាប់ពីបើកឲ្យមានការចួលរួម ប្រកួតប្រជែងពីមហាជន។
គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា បន្ទាប់ពីជ្រើសរើសបានម្ចាស់ជយលាភី TOP-10 ទាំង២វិញ្ញាសារ សរុប២០នាក់ហើយនោះ គណៈកម្មការនឹងរៀបចំការប្រកួតបន្តដើម្បីស្វែងរកម្ចាស់ជយលាភី លេខ១ លេខ២ និងលេខ៣។
ការប្រកួតប្រជែងនេះ នឹងជ្រើសរើសយកអ្នកមានស្នាដៃ ក្នុងមួយវិញ្ញាសារ ចំនួន៣នាក់ ដោយអ្នកដែលទទួលជយលាភីលេខ១ នឹងទទួលបានទឹកបា្រក់ចំនួន២លានរៀល, ជយលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន១.២លានរៀល និងជយលាភីលេខ៣ ទទួលបានទឹកប្រាក់ចំនួន ៨០ម៉ឺនរៀល។
ដើម្បីបោះឆ្នោតជ្រើសរើស ម្ចាស់ជយលាភី សាធារណជនទាំងអស់ អាចចូលរួមបោះឆ្នោតគាំទ្រ ស្នាដៃដែលខ្លួនពេញចិត្ត តាមរយៈ Facebook Page «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត - Angkor Sankranta» លោកលោកអ្នកគ្រាន់តែចុច Like លើរូបនីមួយៗ ដែលខ្លួនស្រលាញ់ចូលចិត្ត ហើយអ្នកដែលទទួលបាន Like ច្រើនជាងគេ និងទទួលបានជយលាភី ហើយចំពោះលទ្ធផលជយលាភី ចំណាត់ថ្នាក់លេខ១, ២ និង៣ នឹងប្រកាសនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។
សូមចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសម្ចាស់ជយលាភីដែលោកអ្នកពេញ សូមចូលទៅកាន់ Facebook Page ឈ្មោះ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត - Angkor Sankranta» !