ជនសង្ស័យ៤នាក់ និងថ្នាំ៩កញ្ចប់ ត្រូវកម្លាំងនគរបាលបង្ក្រាបបាន នៅក្រុងកំពត
09-01-2017 16:15
(កំពត)៖ កម្លាំងអន្តរាគមន៍ឈុតខ្មៅពិសេស សហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌខេត្ត និងកម្លាំងនគរបាល នៃការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនខេត្ត ដែលដឹកនាំបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្ត និងសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ម៉ុត ដារ៉ា បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនបានជនចែកចាយ និងប្រើប្រាស់ថ្នាំញៀនចំនួន០៤នាក់ ដកហូតថ្នាំបាន០៩កញ្ចប់ នៅវេលាម៉ោង១២ថ្ងៃត្រង់ទី០៩ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុច ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។
មន្ត្រីនគរបាលជំនាញគ្រឿងញៀនខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ រួមមាន៖ ១.ឈ្មោះ អ៊ុ សើ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិម៉ាក់ប្រាំង្គ ឃុំម៉ាក់ប្រាំង្គ ស្រុកទឹកឈូ ខេត្តកំពត, ២.ឈ្មោះ ដុំ រ៉ាម៉ន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំរោង ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត, ៣.ឈ្មោះ ថូ ស៊ីនិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិម៉ាក់ប្រាំង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត និង៤.ឈ្មោះ យ៉ា សាតៅ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ សង្កាត់កន្លែងឃាត់ខ្លួនខាងលើ និងដកហូតវត្ថុតាងបាន ម្សៅក្រាមពណ៌សថ្លា
ចំនួន០៩កញ្ចប់ ក្នុងនោះធំ១កញ្ចប់។
ក្រោយឃាត់ខ្លួន កម្លាំងបាននាំជនសង្ស័យទាំង០៤នាក់នេះ មកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕