(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ មានអ្នកជំងឺជិត៧ពាន់នាក់ បានចូល និងចេញ ពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,២៤៥នាក់, អ្នកជំងឺអនុញ្ញាតឲ្យចូលសម្រាក់ព្យាបាល ៣៧៦នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ៤១នាក់, អត្រាប្រើប្រាស់គ្រែសរុបមាន១៣៤ភាគរយ, អ្នកជំងឺក្រីក្រត្រូវបានអនុញ្ញាត សម្រាកព្យាបាលដោយមិនបង់ប្រាក់២៦ភាគរយ, ចំនួនវះកាត់សរុប៥២នាក់, ការព្យាបាលដោយចលនា៤១៧នាក់, កុមារបានទទួលថ្នាំបង្ការ៦២៣នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់២១នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៤៥នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល៨នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម២១១នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច១៥៧នាក់, ពិនិត្យវិភាគដោយអេកូ ១១៣នាក់, ចំនួនតេស្ដបានវិភាគ នៅមន្ទីរពិសោធន៍ មាន២,២៩៨នាក់។
មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងផងដែរថា ការផ្ដល់អាហារ តាមបែបវេជ្ជសាស្ដ្រដោយ គិតតាមប្រភេទជំងឺ និងតាមក្រុមអាយុកុមារមួយថ្ងៃ ចំនួន៣ពេល ដោយមិនគិតប្រាក់ ដល់កុមារដែល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៩៧៩នាក់។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារជាតិ មានទទួលវះកាត់ កុមារឆែបមាត់ ជើងខ្វេ ពីកំណើតដោយពុំមានបង់ប្រាក់។
បន្ថែមពីនេះ មន្ទីរពេទ្យកុមារជាតិ បានប្រជុំពិគ្រោះយោបល់ដើម្បីរៀបចំធ្វើសន្និបាតបូកសរុបវឌ្ឍនភាព និងសមិទ្ធិផលប្រចាំឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧។ ជាងនេះទៅទៀត មន្ទីរពេទ្យបានទទួលកម្មសិក្សាការីចំនួន១០រូប មកពីសាលាភូមិន្ទរដ្ឋបាលឲ្យធ្វើកម្មសិក្សារដ្ឋបាល និងសិក្សាស្វែងយល់ពីការផ្ដល់សេវាសាធារណៈ សុខាភិបាលនៅក្នុងមន្ទីរពេទ្យសព្វថ្ងៃនេះ៕