(ព្រះសីហនុ)៖ លោក យ៉ឹក យូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំរេចផ្ទេរភារកិច្ចទៅកាន់ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជំនួសលោក គិន លី ដែលត្រូវចូលនិវត្តន៍ ដោយឡែកលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន មកជំនួសតំណែងលោក យ៉ឹក យូ វិញ ។
ពិធីផ្ទេរតំណែងនេះ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ ក្រោមគណៈអធិបតីភាពលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាតំណាងលោកបណ្ឌិត គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
បន្ទាប់ពីលោក យ៉ឹក យូ និងលោក ទុំ ណូ ដែលជាប្រធានទើបតែងតាំងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តរួចមក លោក នួន ច័ន្ទរិទ្ធ និងលោក យន្ត មីន បានថ្លែងជំរុញឲ្យប្រធាននៃថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរ ដែលទើបតែងតាំងថ្មី ត្រូវខិតខំជំរុញ គៀរគរនូវការបង់ពន្ធចូលរដ្ឋឲ្យបានច្រើន និងធ្វើការបង្រ្កាបទំនិញគេចពន្ធទាំងឡាយ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធជាពិសេសស្ថាប័នច្បាប់ ។
ទន្ទឹមនូវការអនុវត្តភារកិច្ច ចំពោះជាតិមាតុភូមិ ក៏ត្រូវសហការគ្នាផ្ទៃក្នុងដោយបែងចែកភារកិច្ច ឲ្យបានតម្លាភាពឲ្យបានល្អផងដែរ ៕