(សៀមរាប)៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានបើកយុទ្ធនាការថែទាំ និងព្យាបាលជួយសង្គ្រោះដើមស្ពង់នានា ដែលមានអាយុកាលរាប់រយឆ្នាំ ក្នុងតំបន់អង្គរ ដើម្បីបន្តអាយុកាលរបស់វាតទៅទៀត ព្រោះដើមស្ពង់នេះ បានរួមចំណែកទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ដែលចូលទៅទស្សនាតំបន់អង្គរ។
ក្នុងបំណងអភិរក្ស និងថែរក្សាដើមឈើចំណាស់ ដែលដុះក្នុងឧទ្យានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះព្យាបាលប្រភេទដើមឈើចំណាស់ៗជាច្រើន ជាពិសេសដើមស្ពង់។ ជាក់ស្តែង ដើមស្ពង់ចំណាស់មួយដើម នៅជិតខ្លោងទ្វារទន្លេអុំ ត្រូវបានអភិរក្សថែទាំដោយយកចិត្តទុកដាក់ ពីក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា។ ការជួយសង្រ្គោះនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧។
លោក លឹម សៀងហួត បុគ្គលិកជំនាញតាមដានសុខភាព ផ្នែកព្យាបាលដើមឈើ នៃនាយដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឲ្យដឹងថា ដើមស្ពង់ដែលត្រូវបានព្យាបាលនេះ មានការពុកផុយនៅត្រង់គល់ និងចុង។ ដោយសារមានទីតាំងជាប់ផ្លូវដើរ ដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ ដូច្នេះក្រុមការងាររបស់លោក ប្រញាប់ក្នុងការព្យាបាល ហើយការព្យាបាលនេះ ក៏មានការចាប់អារម្មណ៍ច្រើន ពីសំណាក់ទេសចរដែលកំពុងទស្សនា នៅទីនោះផងដែរ។ ភ្ញៀវទេសចរទាំងនោះ បានសាកសួរពីការងារព្យាបាលដើមស្ពង់ ដែលក្រុមការងារកំពុងជួយសង្រ្គោះនេះ។
ដើមស្ពង់ដែលក្រុមជំនាញកំពុងព្យាបាលនេះ មានបញ្ហា៣ចំណុច៖ ទី១.ដើមអម្ពិលដែលដុះក្បែរនោះ ឫសរបស់វាចាក់ប្រជែងនឹងគល់ដើមស្ពង់, ទី.ការដើរជាន់ឫសស្ពង់ពីសំណាក់មនុស្ស ព្រោះវានៅជិតផ្លូវដើរ ធ្វើឲ្យវាពិបាកស្រូបយកជីវជាតិក្នុងដី និងទី៣.ចំណុចខ្លះនៃគល់ បានពុកផុយ និងមានសត្វកណ្តៀរឡើង។
សម្រាប់វិធីសាស្រ្តនៃការព្យាបាល លោក សៀង ហួត បានរៀបរាប់ថា «ការព្យាបាលដើមស្ពង់ គឺធ្វើឡើងតាមរយៈ ការកោសសំបកពុកផុយចេញលាបជ័រទឹក ដើម្បីការពារពីការជ្រាបទឹកចូលក្នុងសាច់ និងចុងក្រោយបិទដីដំបូក ដើម្បីឲ្យសាច់ឈើដុះឡើងវិញ។ បន្ទាប់មក ក្រុមការងារនឹងបន្តតាមដាន រយៈពេល៦ខែទៅ១ឆ្នាំ ដើម្បីដឹងពីការវិវត្តថ្មីរបស់ដើមស្ពង់»។
យ៉ាងណាក៏ដោយ តាមបទពិសោធន៍របស់ លោក សៀងហួត ដែលកន្លងមក បានចុះព្យាបាលដើមស្ពង់ជាច្រើនដើមនោះ បាននិយាយថា មានតែដើមស្ពង់ដែលមានសាច់ខ្ចីតែប៉ុណ្ណោះ ដែលអាចលូតលាស់ល្អឡើងវិញ ចំណែកស្ពង់ចាស់មានអាយុលើសពី ១០០ឆ្នាំឡើង លទ្ធភាពលូតលាស់មានតិចតួចបំផុត។ ស្ពង់ខ្ចី កោសិការបស់វា ឆាប់លូតលាស់ជាងស្ពង់ចាស់ ដែលកោសិការបស់វាមួយចំនួន បានងាប់ទៅហើយ ដោយការព្យាបាលគ្រាន់តែពន្យារអាយុកាលរបស់វាតែប៉ុណ្ណោះ។
សូមរម្លឹកថា ស្ពង់ជាប្រភេទឈើក្រៅចំណាត់ថ្នាក់មួយ ហើយភាគច្រើនមានដុះនៅតំបន់អង្គរ។ នៅតំបន់អង្គរ ដើមស្ពង់មានដុះច្រើនជាងគេ នៅប្រាសាទតាព្រហ្ម។ ស្ពង់ជាដើមឈើទាក់ទាញ ចំណែកឫសរបស់វាមួយចំនួន ក៏មានផលប្រយោជន៍ការពារ និងទ្រប្រាសាទផងដែរ៕