(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងលោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ បានបើកការដ្ឋានស្ថាបនាសាងសង់ ផ្លូវគ្រួសក្រហម ប្រែក្លាយជាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន៧ខ្សែ ដែលមានទទឹងផ្លូវប្រវែង៦ម៉ែត្រ សរុបប្រវែង៥៦៥០ម៉ែត្រ ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យបានថ្លែងឲ្យដឹងថា ផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន៧ខ្សែនេះ គឺប្រើប្រាស់កញ្ចប់ថវិកា អភិវឌ្ឍន៍របស់ខេត្ត ដើម្បីជាការបំរើនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង មានចំនួន៤ភូមិ គឺភូមិឈូក ភូមិគោកគរ ភូមិដូនកែន និងភូមិពុរ ស្ថិតសង្កាត់-ក្រុងសំរោង ។
នាពេលនោះដែល ប្រជាពលរដ្ឋក៏បានសម្តែង ការសប្បាយចិត្តយ៉ាងខ្លាំង ព្រមទាំងបានជូនពរ និងថ្លែងអំណរគុណ ចំពោះលោកស ថាវី អភិបាលខេត្ត និងជាពិសេសនោះ គឺសូមថ្លែងនូវអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និងរាល់ការលំបាក របស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសនោះជាក់ស្តែងនៅពេលនេះ គឺបានអភិវឌ្ឍន៍នៅភូមិឃុំ របស់ពួកគាត់៕