(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជួយពលករខ្មែរ២នាក់ឲ្យត្រលប់មកកម្ពុជាវិញ និងជួយសង្រ្គោះពលករខ្មែរ របួសធ្ងន់ម្នាក់សម្រាកនៅមន្ទីរពេទ្យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានបញ្ជាក់ឲ្យដឹងថា ស្ថានទូតបានរៀបចំមាតុភូមិនិវត្តន៍ ពលករខ្មែរ២នាក់ វិលត្រឡប់មកកម្ពុជា កាលពីថ្ងៃទី៤ មករា ឆ្នាំ២០១៧។ ពលករខ្មែរទាំង២រូបរួមមាន វ.ល ភេទប្រុស អាយុ៣១ឆ្នាំ មកពី ស្រុកបវិល ខេត្តបាត់ដំបង និង ធ.ផ ភេទប្រុស អាយុ២១ឆ្នាំ មកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពលករទាំងពីរនាក់ត្រូវ បានមេខ្យល់ ល្បួងឲ្យមកធ្វើការដោយខុសច្បាប់នៅការដ្ឋានសំណង់មួយក្នុងក្រុងបាងកក។
ចំណែកពលករម្នាក់ទៀត ស្ថានទូត បានទទួលព័ត៌មានថា នៅយប់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៦ ពលករឈ្មោះ ប.ឆន អាយុ២៤ឆ្នាំមកពី ស្រុកកំពង់ត្រាច ខេត្តកំពត កាន់ប័ណ្ណស្នាក់នៅបណ្តោះអាសន្ន (ប័ណ្ណស៊ីជំពូ) ធ្វើការផ្នែកនេសាទនៅខេត្តត្រាត និងបន្ទាប់មកធ្វើការដោយខុសច្បាប់នៅភោជនីយដ្ឋានមួយ ក្នុងក្រុងបាងកក ត្រូវបានពលករថៃព្រួតវាយ និងកាប់របួសជាទម្ងន់។ ក្រោយទទួលបានដំណឹងនេះ ស្ថានទូតបានចាត់តំណាងទៅសួរសុខទុក្ខ ពលកររងគ្រោះនៅមន្ទីរពេទ្យរ៉ាចវិធី។ ថ្លៃព្យាបាលបី ថ្ងៃគឺចំនួន៣១.០០០បាត និងដោយសាម៉ីខ្លួនមានលទ្ធភាពបង់តែ១២.០០០បាត ស្ថានទូតបានសំរបសំរួលជាមួយថៅកែ ភោជនីយដ្ឋានជួយចេញបង្រ្គប់។ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ សាច់ញាតិរបស់ជនរងគ្រោះបានសម្រេចនាំសាម៉ីខ្លួន ទៅបន្តព្យាបាលនៅមន្ទីរពេទ្យខេត្តច័ន្ទបុរីវិញ ដើម្បីសម្រួលការចំណាយថ្លៃព្យាបាល ហើយគ្រោងវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីបានជាសះស្បើយ។
គួរបញ្ជាក់ថា ពលករដែលកំពុងសម្រាកព្យាបាលខាងលើនេះ ស្ថានទូតបានចេញលិខិតបើកផ្លូវជូនសាម៉ីខ្លួន និងភរិយាដែល ជាពលករខុសច្បាប់ដូចគ្នា ដើម្បីរួមដំណើរវិលត្រឡប់មកកម្ពុជាវិញ ក្រោយការព្យាបាល៕