(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងមួយ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ដោយប្រកាសថា មានពលករខ្មែរ៣នាក់បានស្លាប់ និង៨នាក់បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅខេត្តច័ន្ទបុរី ប្រទេសថៃ ដែលបណ្តាលមកពីរថយន្តដឹកពលករទាំងនោះ បុកជាមួយរថយន្តកង់១០។
ហេតុការណ៍នេះ ត្រូវបានក្រសួង រាយការណ៍ បានកើតឡើង កាលពីចុងខែធ្នូ ឆ្នាំ២០១៦។ សម្រាប់ពលករ៣នាក់ ដែលបានបាត់បង់ជីវិតនោះ រួមមានឈ្មោះ៖ - តេង ឆាលី ភេទប្រុស អាយុ ២៧ឆ្នាំ មកពីស្រុកក្រឡាញ់ ខេត្តសៀមរាប សពត្រូវបានបញ្ជូនមកកម្ពុជាវិញហើយ។ - មុច សាម៉ុន ភេទស្រី អាយុ ៣៥ឆ្នាំ មកពីស្រុកពាមជរ ខេត្តព្រៃវែង ក្រុមគ្រួសារកំពុងទាក់ទងយកសពមកកម្ពុជាវិញ។ - វ៉ាន់ ចាន់រិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មកពីស្រុកកំរៀង ខេត្តបាត់ដំបង ក្រុមគ្រួសារកំពុងសំរួលឯកសារយកសពមកកម្ពុជាវិញ។
ចំពោះករណីនេះ ក្រោយកិច្ចអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុល ថៅកែថៃយល់ព្រមជួយឧបត្ថម្ភប្រាក់ដល់គ្រួសារសព ក្នុងមួយគ្រួសារចំនួន ២២.០០០បាត និងម្ចាស់រថយន្តកង់១០ ឧបត្ថម្ភចំនួន ៣០.០០០បាត សរុប ៥២.០០០បាត។
សម្រាប់ពលកររបួសធ្ងន់ កំពុងសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់ មានចំនួន ៤នាក់ ក្នុងនោះមានឈ្មោះ - នៅ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ខ័ណ្ឌមានជ័យ ភ្នំពេញ - វុត្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ ស្រុកត្បែង ខេត្តព្រះវិហារ - នុល ពីង ភេទប្រុស អាយុ ២៨ឆ្នាំ ស្រុកស្វាយទៀប ខេត្តស្វាយរៀង និង សិ ថេ ភេទប្រុស អាយុ ១៨ឆ្នាំ ស្រុកឈូក ខេត្តកំពត (ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ កំពុងរៀបចំឯកសារ និងត្រៀមជូនដំណើរក្រុមគ្រួសារអ្នករបួសធ្ងន់ទៅមន្ទីរពេទ្យ)។ ចំណែកពលកររបួសមធ្យមកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យចំនួន ៤នាក់ រួមមានឈ្មោះ៖ - រស់ ចាន់ ភេទប្រុស អាយុ ២៥ឆ្នាំ ស្រុកកំចាយមារ ខេត្តព្រៃវែង រងរបួសបាក់ជើង - ឌុល ឆាយ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្រុកពាមជរ ខេត្តព្រៃវែង របួសក្បាល និងបាក់ជើង (ស្វាមីសពឈ្មោះ មុច សាម៉ុន) - ឌុល ស្រីកា អាយុ៩ឆ្នាំ របួសបាក់ជើង ជាកូនស្រី ឌុល ឆាយ និងមុច សាម៉ុន និងឈ្មោះ ចាន់ នី ភេទស្រី អាយុ៣២ឆ្នាំ ស្រុកឈូក ខេត្តកំពត។
ចំពោះពលករដ៏ទៃទៀត ដែលរងរបួសស្រាល បានចេញពីមន្ទីរពេទ្យ និងត្រូវបានថៅកែថៃទទួលទៅធ្វើការវិញហើយ។ ពលករទាំង២៩នាក់ ត្រូវបានថៅកែថៃ ឈ្មោះ ឆីម វិឆ័យ អាយុ៥២ឆ្នាំ ជួលមកបេះផ្លែមៀន។ ដោយសារពួកគាត់ពុំមាន Work permit ដូច្នេះពុំមានសិទ្ធទទួល បានធានារ៉ាប់រងការងារ ណាមួយឡើយ។
ក្រសួងការបរទេស ក៏បានអះអាងដែរថា ស្ថានអគ្គកុងស៊ុលក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមគ្រួសារសព និងអ្នករងរបួស និងបានសំណូមពរថៅកែថៃជួយ ចេញថ្ងៃព្យាបាល ដល់ពលកររងរបួសទាំងអស់ផងដែរ។ ស្ថានអគ្គកុងស៊ុលកម្ពុជាក៏បានសហការជាមួយថៅកែថៃ រកមេធាវីការពារក្តី នៅតុលាការនាពេលខាងមុខ ដើម្បីទាមទារសំណងជំងឺចិត្តជូនពលករបាត់បង់ជីវិត និងរងរបួសផងដែរ៕