(សៀមរាប)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC / Young Entrepreneurs Association Cambodia) សាខាខេត្តសៀមរាប បានបើកសន្និបាតប្រចាំឆ្នាំ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ នៅសណ្ឋាគារ ប៉ាហ្វិក ក្រុងសៀមរាប ដើម្បីធ្វើការបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ ក្នុងការអនុវត្តនាឆ្នាំបន្តឱ្យមានប្រសិទ្ធិភាព និងនិរន្តរភាព។
សន្និបាត និងបន្តសម្រាប់ការទទួលទានអាហារសាមគ្គី នាពេលរាត្រី ដោយមានវត្តមានចូលរួមរបស់ ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា, លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប, លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា, លោក ឃឹម ហ្វីណង់ តំណាងលោក ទៀ ទីហា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប, លោក ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាបនិងឧត្តរមានជ័យ រួមនិងវត្តមានរបស់សមាជិក សមាជិការ YEAC, ពាណិជ្ជករ, ប្រតិបត្តិករទេសចរណ៍ និងតួអង្គពាក់ព័ន្ធ សរុបប្រមាណជា ៧០រូប។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកបណ្ឌិត ផាន់ គារ៉ា ប្រធាន YEAC សាខាខេត្តសៀមរាប រួចមកលោកអគ្គលេខា, គណនេយ្យករ, និងសមាជិកគណៈកម្មការ YEAC បានធ្វើសេចក្ដីរាយការណ៍ អំពីសកម្មភាព, វឌ្ឍនភាព, បញ្ហាប្រឈម, ហិរញ្ញវត្ថុ, និងគោលដៅ គោលបំណង យុទ្ធសាស្ត្រ និងការប្ដេជ្ញាចិត្តបន្តរបស់ YEAC ខេត្តសៀមរាបផងដែរ។ ហើយបច្ចុប្បន្ន YEAC សៀមរាប មានសមាជិក៤៨រូប (ស្ដ្រី៩រូប) និង YEAC បានសម្រេចចិត្តបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាភិបាល ២រូបបន្ថែមទៀត លើចំនួនដែលមានស្រាប់ ៩រូប សរុប១១រូប។
ក្នុងសន្និបាតនេះផងដែរ គណៈធិបតី និងវាគ្មិនកិត្តិយ៌ស បានផ្ដល់នូវអនុសាសន៍ ការពិគ្រោះយោបល់ និងធ្វើការគាំទ្រនូវសមិទ្ធិផល ដែល YEAC សៀមរាប សម្រេចបានជាមួយនិងការលើកទិសដៅ ក្នុងការអនុវត្តន៍បន្ដ សម្រាប់ឆ្នាំខាងមុខផងដែរ៕