(បន្ទាយមានជ័យ)៖ លោក គោស៊ុំ សារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧត្តុនិយម និងជាអនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកស្រុកភ្នំស្រុក បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋដែល បានចុះឈ្មោះបោះឆ្នោតថ្មី សូមអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ ឬសុំកែតម្រូវឈ្មោះឱ្យត្រឹមត្រូវ នៅសាលាឃុំ-សង្កាត់ ដែលនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ។
ការអំពាវនាវនេះ បានធ្វើឡើងស្របពេលដែល លោក គោស៊ុ សារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧត្តុនិយម ចូលរួមជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី៣៨ នៃទិវាជ័យជម្នះ៧ មករា (៧-មករា ១៩៧៩-៧ មករា ២០១៧) ដែលមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការ នៅស្រុកភ្នំស្រុក។
លោក គោស៊ុំ សារឿត បានឲ្យដឹងថា ថ្ងៃប្រវត្តិសាស្រ្តជ័យជំនះ ៧មករា គឺជាថ្ងៃកំណើតទី២ របស់ពលរដ្ឋ មាន៧ មករា ទើបយើងមានអ្វីៗគ្រប់ យ៉ាងមកទល់សព្វថ្ងៃ។ នៅពេលប្រទេសជាតិយើង មានសុខសន្តិភាព គឺបានផ្តល់ឱកាសឲ្យយើង បានកសាងសង្គមគ្រួសារ និងប្រទេសជាតិទាំងមូល ឲ្យកាន់តែរីកចម្រើនរុងរឿង។
លោកថ្លែងបន្តថា ប្រទេសជាតិរបស់យើងមានសុខ សន្តិភាព និងស្ថេរភាព នយោបាយល្អ មានថ្នាក់ដឹកល្អ ប្រកបដោយគតិបណ្ឌិត ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិយើង បានបញ្ចប់សង្រ្គាមរុំារ៉ៃ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ ធ្វើប្រទេសជាតិមានសុខ សន្តិភាពនិង មានការអភិវឌ្ឍ លើគ្រប់វិស័យដូចបងប្អូន ប្រជាពលរដ្ឋបានឃើញនៅភូមិ ឃុំរបស់ខ្លួន។ ដូច្នេះហើយដែលយើងទាំងអស់គ្នា ត្រូវតែចូលរួមចំណែកក្នុងការថែរក្សាការពារនូវ សុខសន្តិភាព និងស្ថេរភាព នយោបាយល្អនេះជាមួយរដ្ឋអំណាច។
ជាមួយគ្នានោះ លោកនិងក្រុមការងារ ក៏បានចែកអំណោយរបស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចែកដល់និវត្តជន៣០នាក់ ក្នុងម្នាក់ទទួលបានថវិកា៧ម៉ឺនរៀល សារុង១ និងសម្ភារប្រើប្រាស់មួយចំនួន និងសិស្សានុសិស្ស១៨០ ក្នុងម្នាក់ ថវិកា១ម៉ឺនរៀលផងដែរ៕