(ភ្នំពេញ)៖ ក្រោយមានប្រជាពលរដ្ឋប្រមាណជិត៥០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ា នៅមុខការិយាល័យ បុរីមហាសេដ្ឋីដោយពួកគាត់ បានចោទប្រកាន់ថា ម្ចាស់ទីតាំងបុរី បានបោកប្រាស់ពួកគាត់ ជាច្រើនដងក្នុងករណីមិនផ្តល់ប័ណ្ណកម្មសិទ្ធិ អោយនោះ ឥឡូវខាងបុរីបានចេញមុខមកអះអាងថា ខ្លួនកំពុងធ្វើប័ណ្ណកម្មសិទ្ធិជូន ពួកគាត់ហើយ ដោយបច្ចុប្បន្នខាងជំនាញ សុរិយោដីបានចុះមកធ្វើការវាស់វែងហើយ។
លោក សំ ចេក តំណាងអោយម្ចាស់បុរីមហាសេដ្ឋី បានថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ឌអោយដឹងថា ឥឡូវនេះខាងម្ចាស់បុរីកំពុងចាត់ចែង ធ្វើប័ណ្ណកម្មសិទ្ធិជូន ម្ចាស់ផ្ទះដែលបានទិញពីខាងបុរី ហើយដោយខាងសុរិយោដីបានចុះមកវាស់វែង រៀបចំធ្វើហើយ។
លោកសំ ចេក បានបន្ថែមថាខាងបុរីមហាសេដ្ឋីមិនបានបោកប្រាស់អតិថិជន ដែលបានចំណាយលុយមកទិញផ្ទះនៅក្នុងបុរីមហាសេដ្ឋីនោះទេ តែខាងបុរីទទួលស្គាល់ថា ពិតជាមានការយឺតយូរក្នុងការធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់មែនដោយការយឺតយូរ នេះ ព្រោះតែខាងបុរីមិនចង់ ធ្វើប័ណ្ណកម្មសិទ្ធិម្ដងមួយៗ ដែលនាំអោយមាន ការចំណាយអស់ច្រើន គឺចង់ធ្វើរួមគ្នាតែម្ដងដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន តែបើបងប្អូន ម្ចាស់ផ្ទះទាមទារហើយ ខាងបុរីត្រូវតែធ្វើអោយ ដែលបច្ចុប្បន្ន ខាងជំនាញសុរិយោដីកំពុងចុះវាស់វែងធ្វើជូនម្ចាស់ផ្ទះហើយ។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅខាងមុខការិយាល័យលក់ ផ្ទះល្វែងយីហោ «មហាសេដ្ឋី» ដែលមានទីតាំងនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សី កែវ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រមាណជិត៥០នាក់ បាននាំគ្នាធ្វើការតវ៉ានៅមុខការិយាល័យ លក់របស់បុរីមហាសេដ្ឋី ដើម្បីទាមទារអោយខាងបុរី ផ្ដល់ប័ណ្ណកម្មសិទ្ធិអោយ ពួកគាត់ទៅតាមកិច្ចសន្យា៕