(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល បានផ្ដាំផ្ញើដល់កងកម្លាំងអាវុធហត្ថថា ត្រូវធ្វើខ្លួនឲ្យក្លាយជាបុគ្គលគំរូ ក្នុងការប្រតិបត្តិច្បាប់ គោរពវិន័យបទបញ្ជា មានឆន្ទៈស្មោះត្រង់ក្លាហាន មានសាមគ្គីផ្ទៃក្នុងល្អ មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី សង្គ្រោះនិងបម្រើប្រជាពលរដ្ឋ។
ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ សំ តុលា កម្លាំងអាវុធហត្ថខេត្តកណ្ដាល បានយកចិត្តទុកដាក់បំពេញ ការងារមិនគិតពីការនឿយហត់ទោះថ្ងៃ ឬយប់ មានឆន្ទៈស្មោះត្រង់ ចំពោះជាតិប្រជាជន គោរពយ៉ាងម៉ឺងម៉ាត់នូវលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឲ្យអង្គភាពសម្រេចបាននូវជ័យជម្នះរាល់ភារកិច្ច ទទួលបានការអបអរសារទរ លើកសរសើរពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងពីមហាជនទូទៅជាបន្តបន្ទាប់។
បន្ទាប់ពីបានចែកជូនមុខងារ និងបំពាក់ឋាន្តរសក្តិជូននាយអាវុធហត្ថទាំង២៧នាក់ រួចមក លោកឧត្តមសេនីយ៍ សំ តុលា បានណែនាំថា កម្លាំងទាំងអស់ ត្រូវខិតខំពុះពារបំពេញភារកិច្ច ឲ្យអស់ពីសមត្ថភាព ដើម្បីទទួលនូវជ័យជម្នះថ្មីៗ បន្ថែមទៀត ក្នុងកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនជាតិប្រជាជន។
លោកឧត្តមសេនីយ៍បានបន្តថា «កម្លាំងអាវុធហត្ថទាំងអស់ ត្រូវធ្វើខ្លួនឲ្យក្លាយជាបុគ្គលគំរូ ក្នុងការប្រតិបត្តិច្បាប់ គោរពវិន័យ បទបញ្ជា មានឆន្ទៈស្មោះត្រង់ក្លាហាន មានសាមគ្គីផ្ទៃក្នុងល្អ មានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី និងជាកម្លាំង សង្គ្រោះ និងបម្រើប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់ខ្លាំងថែមទៀតលើកម្លាំងកងរាជអាវុធហត្ថ»។
សូមជម្រាបថា ពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរស័ក្កិជូននាយទាហាននេះ រួមមាន៖ ថ្នាក់វរសេនីយ៍ឯក ចំនួន៣នាក់ ថ្នាក់វរសេនីយ៍ទោ ចំនួន៧នាក់ ថ្នាក់វរសេនីយ៍ត្រី ចំនួន១៧នាក់ សរុប២៧នាក់ ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធាន-អនុប្រធានមន្ទីរ លោកមេបញ្ជាការក្រុង-ស្រុកទាំង១១ លោកនាយការិយាល័យ សរុបចំនួន១២៥នាក់៕