(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល រួមមន្ត្រីពាក់ព័ន្ធផ្សេងទៀត នៅព្រឹកថ្ងៃទី០៩ ខែមករានេះ បានចុះបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីដ៏រុំារ៉ៃជាមួយ លោកឧកញ៉ា ឡោក ហ៊ួរ នៅក្នុងស្រុកស្អាង និងស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយត្រូវរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចកាត់ដី ឲ្យប្រជាពលរដ្ឋវិញ។
ការចុះផ្សព្វផ្សាយនេះផងដែរ ធ្វើឡើងក្រោយពេល ដែលលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារចុះវាស់វែង ប្រមូលទិន្នន័យ ដើម្បីចុះបញ្ជីដីមានលក្ខណៈ ជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយ លោកឧកញ៉ា ឡោក ហួរ មានទីតាំងនៅស្រុកកៀនស្វាយ និង ស្រុកស្អាង ខេត្តកណ្តាល ដែលទើបត្រូវបានរាជរដ្ឋាភិបាល ដោះស្រាយរួចរាល់។
នៅក្នុងលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា លោក ឡោក ហ៊ួរ បានរំលោភដីប្រជាពលរដ្ឋជាច្រើនពាន់ហិកតា ហើយរាជរដ្ឋាភិបាលសម្រេចដកហូតដី ដែលលោក ឡោក ហ៊ួរ បានរំលោភដីពីប្រជាពលរដ្ឋចំនួន ២៩៩៧.៩២ហិកតា ព្រមទាំងនិរាករណ៍ ប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន២៩ប័ណ្ណ។
លោក ម៉ៅ ភិរុណ បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ចំនួន៣ភូមិ ក្នុងភូមិបន្ទាយដែក ចំនួន៦ភូមិ ក្នុងឃុំសំរោងធំ ចំនួន៣ភូមិ ក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ និងចំនួន៣ភូមិ ក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីគណៈកម្មការរដ្ឋបាល និងប្រជាពលរដ្ឋ មកពីភូមិកណ្តាលក្រោម ភូមិកណ្តាលលើ ភូមិព្រែកពុល ឃុំបន្ទាយដែក ភូមិជ័យឧត្តម ភូមិព្រែកតាកែវ ភូមិជ្រោយដង ភូមិស្ទឹង ភូមិព្រែកត្រែង និងភូមិសំរោងក្អែរ ឃុំសំរោងធំ ភូមិគគីរធំ ភូមិពោធិ៍មៀវ និងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ និងភូមិលេខ៤ ភូមិលេខ៥ និងភូមិជ្រោយឫស្សី ឃុំប្រាសាទ ស្រុងស្អាង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕