(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពជា បានថ្លែងថា «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្រ្ត» ដែលសម្តេចទទួលបានពីសាកលវិទ្យាល័យជាតិខេត្តក្វាងស៊ី ប្រទេសចិន មិនមែនជាកិត្តិយសសម្រាប់តែសម្តេចនោះទេ តែក៏ជាកិត្តិយសដ៏ឧត្តុងឧត្តមថ្មីមួយទៀត សម្រាប់ប្រទេសជាតិ ជាពិសេសសម្រាប់ស្រ្តីខ្មែរទាំងមូលផងដែរ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងដូច្នេះក្នុងពេលសម្តេចឡើងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្រ្ត ពីសាកលវិទ្យាល័យខេត្តក្វាងស៊ី ប្រទេសចិន នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ។
លោកសាស្រ្តាចារ្យ សៀ សាំងគួ សាកលវិទ្យាធិការ សាកលវិទ្យាល័យជនជាតិក្វាងស៊ី បានថ្លែងលើកឡើងពីគុណសម្បត្តិ និងស្នាដៃជាច្រើនរបស់ សម្តេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន និងការបណ្តុះបណ្តាលអក្សរចិននៅកម្ពុជា ក៏ដូចជាវិស័យអប់រំ និងវប្បធម៌រវាងកម្ពុជា-ចិន។
លោកសាស្រ្តាចារ្យ សៀ សាំគួ បន្តថា ព្រោះតែការពិនិត្យឃើញបែបនេះហើយ ទើបគណៈកម្មការវាយតម្លៃផ្តល់សញ្ញាបត្រផ្នែកអន្តរជាតិ របស់សាកលវិទ្យាល័យជាតិ ខេត្តក្វាងស៊ី ប្រទេសចិន បានសម្រេចជាឯកច្ឆ័ន្ទប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះជូនសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកសាស្រ្តា សៀ សាំគួ បានលើកឡើងទៀតថា ការផ្តល់សញ្ញាបត្រនេះ មិនត្រឹមតែជាការបង្ហាញនូវចំណេះដឹងដ៏ជ្រៅជ្រះ និងសមត្ថភាពដឹកនាំដ៏ចំណាន របស់សម្តេចកិត្តិព្រឹទ្ឌបណ្ឌិតប៊ុណ្ណោះទេ ថែមទាំងជាការកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យ អប់រំឧត្តមសិក្សាជាតិ និងក្នុងការកែសម្រួលជីវភាពប្រជាជនកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលត្រូវបានគេប្រសិទ្ធនាមថា «មាតាសប្បុរសធម៌នៅកម្ពុជា» បានថ្លែងដូច្នេះ «ការទទួលបាននូវសញ្ញាបត្រនេះ គឺជាកិត្តិយសដ៏ឧត្តុងឧត្តមមួយថែមទៀតសម្រាប់ជាតិកម្ពុជាទាំងមូល ពិសេសសញ្ញាបត្រនេះគឺមិនត្រឹមតែជាកិត្តិយសដ៏ថ្លៃថ្លាសម្រាប់ជីវិតផ្ទាល់ខ្លួនខ្ញុំតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិត្តិយសសម្រាប់ស្រ្តីខ្មែរផងដែរ»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្ថែមយ៉ាងដូច្នេះថា «ទន្ទឹមនេះជ័យលាភីនេះ ក៏បានផ្សារភ្ជាប់ខ្លួនខ្ញុំ ទៅនឹងសហគមន៍បញ្ញវន្ត និងឥស្សរជនដទៃទៀតនៅលើពិភពលោកដែល សាកលវិទ្យាល័យជនជាតិក្វាងស៊ី ធ្លាប់បានប្រគល់សញ្ញាបត្រជូនក្នុងពេលកន្លងមក។ កិត្តិយសនេះក៏បានបង្កើតនូវគំរូដ៏ប្រពៃមួយដល់សហសេវិក ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសឲ្យខិតខំបង្កើតនូវគុណបំណាច់ និងស្នាដៃធំធេងចំពោះជាតិ ដែលមានតម្លៃស័ក្តិសមជាឥស្សរជនឆ្នើម នៃជ័យលាភីនេះ»។
ជាមួយការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងជំរុញលើកទឹកចិត្តដល់យុវជន យុវនារី ត្រូវចេះឲ្យតម្លៃទៅលើ ការសិក្សារៀនសូត្រ ការសិក្សាស្រាវជ្រាវ និងការបណ្តុះបណ្តាលជំនាញផ្សេងៗ ដែលជាកត្តាចាំបាច់សម្រាប់សង្គមជាតិ ពិសេសក្នុងពេលប្រទេសកំពុងមាន សុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ មានសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍ ដែលជាឱកាសសម្រាប់យុវជន យុវនារី ក្នុងការចូលរួមកសាង ស្នាដៃថ្មីៗទៀត សម្រាប់បង្កើតនូវតម្លៃជាតិផង និងការទទួលជាអន្តរជាតិផង។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានប្តេជ្ញាបន្តឆន្ទៈមិនរាថយ និងបំណងប្រាថ្នាដ៏មុតមាំក្នុងការបន្តថែរក្សា និងលើកស្ទួយនូវវិស័យ អក្សរសាស្រ្តជាតិឲ្យស្ថិតស្ថេរ និងរីកចម្រើនគង់វង្សតទៅ និងសូមឲ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់គ្រប់វ័យជាពិសេស ស្រ្តីគ្រប់រូបចូលរួមទទួលការបណ្តុះបណ្តាល និងការអាន ការតាក់តែងនិពន្ធ សំដៅលើកស្ទួយវិស័យអក្សរសាស្រ្តជាតិ ដើម្បីធ្វើឲ្យប្រជាជន និងសង្គមជាតិទាំងមូលរស់នៅក្នុងវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ថ្លៃថ្នូរ ដែលជាបំណងប្រាថ្នារបស់ជាតិ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានចែករំលែកនូវកិត្តិយសដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ទៅក្រុមគ្រួសារ ឧត្តមស្វាមី កូនៗ និងចៅៗ ជាទីស្រឡាញ់របស់សម្តេច ដែលតែងតែស្ថិតនៅជាប់ជាមួយសម្តេច និងផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅដល់សម្តេចនៅគ្រប់កាលៈទេសៈទាំងអស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចែករំលែកកិត្តិយសប្រកបដោយមោទនភាពនេះ ជូនដល់សហសេវិក មន្រ្តីរាជការ យុទ្ធជន យុទ្ធនារី ដែលជាកម្លាំងដ៏រឹងមាំក្នុងការការពារ និងកសាងប្រទេសជាតិ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងគូសបញ្ជាក់ផងដែរថា កិត្តិយសដែលសម្តេចទទួលបាននៅថ្ងៃនេះ មិនអាចកាត់ផ្តាច់ចេញពីការចូលរួមរបស់បងប្អូនជនរួមជាតិ មន្រ្តី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជន យុវនារី សមាជិក សមាជិកា នៃកាកបាទក្រហមកម្ពុជា គ្រប់ៗរូបឡើយ។ សម្តេចជឿជាក់ថា កម្លាំងទាំងនេះ នឹងបន្តខ្លាំងក្លាឈានមុខជានិច្ច ក្នុងបុព្វហេតុមនុស្ស។
សូមបញ្ជាក់ថា ក្រៅពីការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្រ្តពីសាកលវិទ្យាល័យជាតិខេត្តក្វាងស៊ី ប្រទេសចិននៅថ្ងៃ ទី០៩ ខែមករា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ធ្លាប់ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សធម៌ ពីសាកលវិទ្យាល័យកម្ពុជា នៅឆ្នាំ២០០៨, សញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកអក្សរសាស្រ្តពីសាកលវិទ្យាល័យជុនដូ ពីប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០០៩, សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច ពីសាកលវិទ្យាល័យស្រ្តីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០០៩ និង សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តអប់រំ ពីសាកលវិទ្យាល័យស៊ីឡា នៃក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០១០៕