(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជិត៥០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ា នៅមុខការិយាល័យ បុរីមហាសេដ្ឋី ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយពួកគាត់បានចោទប្រកាន់ថា ម្ចាស់ទីតាំងបុរី បានបោកប្រាស់ ពួកគាត់ជាច្រើនដង ក្នុងករណីមិនផ្តល់ប្លង់រឹងឲ្យ។
ហេតុការណ៍ខាងលើនេះ បានផ្ទុះឡើងនៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅខាងមុខការិយាល័យលក់ ផ្ទះល្វែងយីហោ «មហាសេដ្ឋី»។
ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងសង់ផ្ទះល្វែង យីហោ «មហាសេដ្ឋី» នេះ មិនបានផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) ជូនពួកគាត់តាមកិច្ចសន្យានោះទេ បើទោះបីជាពួកគាត់បានបង់លុយ គ្រប់ចំនួនរួចរាល់ជាស្រេចក៏ដោយ។
ក្រុមប្រជាពលរដ្ឋមបន្តថា ក្នុងការទិញផ្ទះបុរីខាងលើនេះ មានតម្លៃចាប់ពីតម្លៃ១៣ម៉ឺនដុល្លារ រហូតដល់២០ម៉ឺនដុល្លារអាមេរិក តែប្លង់ធំម្ចាស់ទីតាំង បែរជាយកទៅដាក់នៅ ក្នុងធនាគារទៅវិញ ហើយពេលពួកគាត់សួរនាំរឿងប្លង់កម្មសិទ្ធិ បែរជាម្ចាស់បុរី មានចេតនាគេចវេះ មិនទទួលខុសត្រូវ ហើយក្នុងនោះដែរពួកគាត់បានប្តឹង ដល់អាជ្ញាធរដែនដី តាំងពីថ្នាក់សង្កាត់ រហូតទៅដល់សាលាខណ្ឌ ដើម្បីរកយុត្តិធម៌ ក៏ម្ចាស់បុរីយីហោ «មហាសេដ្ឋី» ខាងលើនេះ នៅមិនចូលខ្លួនដោះស្រាយ ជូនពួកគាត់ឡើយ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ អង្គភាព Fresh News មិនអាចសុំការបំភ្លឺពីម្ចាស់បុរីខាងលើនេះបានទេ នៅព្រឹកថ្ងៃទី០៩ ខែមករានេះ ៕