(ភ្នំពេញ)៖ នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ លោក តូនី តាន់ កេងយ៉ា ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី បានអញ្ជើញទៅដល់ព្រះបរមរាជវាំងហើយ ដើម្បីចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។
លោក តូនី តាន់ កេងយ៉ា បានមកដល់ប្រទេសកម្ពុជា កាលពីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ ដើម្បីធ្វើទស្សនកិច្ច៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ ១១ ខែមករា ឆ្នាំ២០១៧ ក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ខណៈដែលមកដល់កម្ពុជា កាលពីម្សិលមិញនោះ លោកបានស្នាក់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
តាមគម្រោងបន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ និង សម្តេចម៉ែ នៅព្រះបរមរាជវាំងរួច លោកប្រធានាធិបតីសិង្ហបុរី នឹងគណៈប្រតិភូ នឹងអញ្ជើញទៅទទួលទានអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋាន Topaz ដោយទទួលស្វាគមន៏ ដោយឯកអគ្គរដ្ឋទូតសឹង្ហបុរី ប្រចាំកម្ពុជា។
នៅម៉ោង៤រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ លោកប្រធានាធិបតីសឹង្ហបុរី នឹងអញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សា ប្រមុខដឹកនាំទាំងពីរ នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សារណៈយោគយល់ (MOU) រវាងប្រទេសទាំងពីរ នៅវិមានសន្តិភាព។
នៅវេលាម៉ោង១៩៖០០នាទី លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់ព្រះបរមរាជវាំង ដើម្បីចូលរួមក្នុងពិធីលៀងសាយភោជន៍ ក្រោមព្រះរាជអធិបតីភាព របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។
សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១១៖០០នាទី លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ពិនិត្យគម្រោងមួយចំនួនរបស់សឹង្ហបុរី នៅមន្ទីរពេទ្យកាល់ម៉ែត។ នៅវេលាម៉ោងប្រមាណ ១៥៖០០នាទី លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីរាជធានីភ្នំពេញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាកំសាន្ត នៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។ ដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនាកំសាន្តប្រាសាទបុរាណនានា នៅតំបន់អង្គរ លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងទទួលទានអាហារពេលល្ងាច រៀបចំនិងស្វាមន៍ដោយអភិបាលខេត្តសៀមរាប។
សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១០៖៥០នាទីព្រឹក លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទស្សនា កន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) នៅខេត្តសៀមរាប។ នៅរសៀលម៉ោង១៦៖២៥នាទីថ្ងៃដដែល លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបន្តដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ជាបន្តទៀត៕