(ឧត្តរមានជ័យ)៖ គោយន្តកន្ត្រៃបើកចូលគន្លងរំលោភផ្លូវរបស់គេទាំងស្ថានភាពយប់ងងឹត បង្កឲ្យម៉ូតូបើកបុកមួយទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ដាច់ចេញពោះវៀនចេញក្រៅ និង២នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ កើតឡើងនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវកោងគ្រួសក្រហមពី ស្ថិតក្នុងភូមិគោកត្រាង មកភូមិគោករាំង ឃុំជើងទៀន ស្រុកចុងកាល់។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺអ្នកបើកបរគោយន្តកន្ត្រៃបើកចូលគន្លងផ្លូវខាងម៉ូតូ ហើយស្ថានភាពងងឹត ក្នុងទិសដៅច្រាសទិសពីត្បូង ទៅជើងបណ្តាលឲ្យម៉ូតូបើកបុកពេញទំហឹង។ នគរបាលបន្តថា ជនរងគ្រោះអ្នកបើកបរម៉ូតូ ឈ្មោះ យើម កែវ អាយុ២០ឆ្នាំ ស្លាប់ធ្លាយពោះវៀនចេញក្រៅ និងជនរងគ្រោះ២នាក់ទៀតដែលរងរបួសធ្ងន់ ទី១៖ ឈ្មោះ ដឿត មេង អាយុ១៩ឆ្នាំ និងទី២៖ ឈ្មោះ ហូន បូ អាយុ២០ឆ្នាំ ជនរងគ្រោះជិះម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខបន្ទាយមានជ័យ1Q-3224 រស់ នៅភូមិតាគង់ ឃុំណាំតៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ រីឯអ្នកបើកបរគោយន្តកន្ត្រៃ បានរត់គេចបាត់ស្រមោល បង្សល់ទុកតែគោយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកវត្ថុតាងទាំង២ ត្រូវបានកម្លាំងនគរបាលស្រុកយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំការដោះស្រាយតាមច្បាប់៕