(ភ្នំពេញ)៖ អ្នកតំណាងរាស្ត្រវ័យក្មេង លោក ស សុខា បានបង្ហោះឲ្យដឹងនៅលើ Facebook ផ្លូវការរបស់លោកឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងឈប់យកថ្លៃសេវាលិខិតស្នាមអត្រានុកូលដ្ឋាន ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាពហើយ។
លោក ស សុខា បានបន្តឲ្យដឹងទៀតថា តាមដំណឹងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃកំពុងរៀបចំអនុក្រឹត្យដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីបញ្ឈប់ការយកថ្លៃសេវានេះ។ ទោះជាអនុក្រឹត្យមិនទាន់ចេញជាផ្លូវការក្ដី តែតាមបណ្ដាខេត្តមួយចំនួនបានប្រកាសប្រាប់សាធារណជន និងចាប់ផ្ដើមអនុវត្តជាបណ្ដើរៗហើយ។
យោងតាម Facebook ផ្លូវការរបស់លោក ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «នាពេលខាងមុខឆាប់ៗនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការនឹងប្រកាសជាផ្លូវការអំពីការបញ្ឈប់យកប្រាក់ពីប្រជាជនក្នុងការធ្វើលិខិតអត្រានុកូលដ្ឋាន ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព។ តាមដំណឹង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃកំពុងធ្វើអនុក្រឹត្យដើម្បីបញ្ឈប់ការយកថ្លៃសេវានេះ។ ទោះជាអនុក្រឹត្យមិនទាន់ចេញជាផ្លូវការក្ដី តែតាមបណ្ដាខេត្តមួយចំនួនបានប្រកាសប្រាប់សាធារណជន និងចាប់ផ្ដើមអនុវត្តជាបណ្ដើរៗហើយ»។
បន្ថែមពីលើនេះ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានឲ្យដឹងទៀតថា នេះគឺជាអត្ថប្រយោជន៍មួយទៀតសម្រាប់ប្រជាជន ដែលជាការជួយសម្រាលបន្ទុក ចំណាយក្នុងគ្រួសារ។
លោក ស សុខា បញ្ជាក់ថា «ក្នុងនាមជាយុវជនម្នាក់ ខ្ញុំសូមសំដែងការរីករាយដែលរាជរដ្ឋាភិបាល តែងតែគិតគូរដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ទន្ទឹមនឹងនេះ សូមលើកទឹកចិត្តដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធផ្ដល់សេវានេះ ប្រកបដោយតម្លាភាព គុណភាព ប្រសិទ្ធភាព ទាន់ពេលវេលា ដោយស្មោះត្រង់ ជូនប្រជាជនគ្រប់ៗគ្នា ដោយស្មើភាព»៕