(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលបានសញ្ញាបត្រ ថ្នាក់បណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ ពីសាកលវិទ្យាល័យ ក្វំាងស៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរៀបចំឡើងនៅសាលសន្និសីទចតុមុខ។ លោក Xie Shanggo ប្រធានសាកលវិទ្យាល័យ ក្វាំងស៊ី បានអញ្ជើញប្រគល់សញ្ញាបត្រ ថ្នាក់បណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖

* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្រ្ត ដែលសម្តេចទទួលបានពីសកលវិទ្យាល័យជនជាតិក្វាងស៊ី របស់ចិន មិនមែនជាកិត្តិយសសម្រាប់តែសម្តេចនោះទេ តែគឺជាកិត្តិយសដ៏ឧត្តុងឧត្តមមួយទៀតសម្រាប់សង្គមជាតិកម្ពុជាទាំងមូល ជាពិសេសសម្រាប់ស្រ្តីខ្មែរ។

* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍បន្តថា កិត្តិយសដែលសម្តេចទទួលបាននាពេលនេះ ក៏បានបង្កើតនូវគំរូ ដ៏ប្រពៃមួយដល់សហសេវិក ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស ឲ្យខិតខំបង្កើតនូវគុណបំណាច់ និងស្នាដៃធំធេងចំពោះប្រទេសជាតិ ដែលមានគុណតម្លៃស័ក្តិសមជាឥស្សរជនឆ្នើម នៃជ័យលាភីនេះ។

* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានគូសបញ្ជាក់ថា ជីវិតរបស់សម្តេចទម្រាំមានដូចពេលបច្ចុប្បន្ននេះ គឺបានផ្តើមចេញពីជីវិតជាស្រ្តីសាមញ្ញមួយរូប ដែលបានឆ្លងកាត់នូវភាពបត់បែន នៃសង្គមច្រើនជំនាន់ និងបានជម្នះរាល់ការលំបាករាប់មិនអស់ ពិសេសការឆ្លងកាត់ភ្នក់ភ្លើង នៃសង្រ្គាមដ៏ក្តៅគគុកពីអតីតកាល ហើយរស់នៅក្នុងយុវវ័យ ដែលរត់គេចពីគ្រាប់កាំភ្លើង។

* សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្តថា ជីវិត ដែលមានស្វាមីជាអ្នកតស៊ូ ដើម្បីជាតិមាតុភូមិក្នុងសម័យសង្រ្គាម ដែលបានយកជីវិតជាដើមទុនទៅប្រឈម នឹងគ្រោះថ្នាក់គ្រប់ពេលវេលា គឺជាពេលវេលាមួយដ៏លំបាកបំផុត សូម្បីតែការជួយខ្លួនឯងក៏សឹងតែជួយមិនបាន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ថា ប្រការដែលគួរឲ្យតក់ស្លុត និងព្រឺខ្លាចនោះ គឺការព្រាត់ប្រាស់ប្តី ប្រពន្ធ កូនចៅ និងបងប្អូន ការអត់ឃ្លាន និងការកាប់សម្លាប់ ដែលបានគំរាមជីវិតប្រជាជន មិនមែនតែក្នុងគ្រួសារមួយ ភូមិមួយ ឃុំមួយ ស្រុកមួយ ឬ ខេត្តណាមួយនោះទេ ប៉ុន្តែគឺនៅទូទាំងប្រទេស។

* សម្តេចកិត្តិព្រឹទ្ធបណ្ឌិតភរិយាដ៏ឧត្តមរបស់នាយករដ្ឋមន្រ្តី បានបន្ថែមថា ទុកវេទនា និងការព្រាត់ប្រាស់ទាំងនេះ គឺសម្តេចបានទទួលរងដោយផ្ទាល់នៅពេលនោះ គ្មានទុក្ខលំបាកណាមួយរបស់ស្ត្រីខ្មែរ និងប្រជាជនខ្មែរ មិនបានស្គាល់នោះឡើយ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌបានបញ្ជាក់ដូច្នេះ «ទឹកភ្នែកម្តាយ ដែលព្រាត់កូន ទឹកភ្នែកភរិយា ដែលព្រាត់ស្វាមីជាទីស្រឡាញ់ ទឹកភ្នែកស្រ្តីខ្មែរ គឺជាទឹកភ្នែកខ្ញុំ»

* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងជំរុញលើកទឹកចិត្តដល់យុវជន យុវនារី ត្រូវចេះឲ្យតម្លៃទៅលើការសិក្សារៀនសូត្រ ការសិក្សាស្រាវជ្រាវ និងការបណ្តុះបណ្តាលជំនាញផ្សេងៗ ដែលជាកត្តាចាំបាច់សម្រាប់សង្គមជាតិ ពិសេសក្នុងពេលប្រទេសកំពុងមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ មានសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍ ដែលជាឱកាសសម្រាប់យុវជន យុវនារី ក្នុងការចូលរួមកសាងស្នាដៃថ្មីៗទៀត សម្រាប់បង្កើតនូវតម្លៃជាតិផង និងការទទួលជាអន្តរជាតិផង។

* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលត្រូវបានគេប្រសិទ្ធនាមថា មាតាមនុស្សធម៌នៅកម្ពុជា បានប្តេជ្ញាថា ក្នុងនាមជាស្រ្តីខ្មែរមួយរូប សម្តេចមានឆន្ទៈមិនរាថយ និងបំណងប្រាថ្នាដ៏មុតមាំក្នុងការបន្តថែរក្សា និងលើកស្ទួយនូវវិស័យអក្សរសាស្រ្តជាតិឲ្យស្ថិតស្ថេរ និងរីកចម្រើនគង់វង្សតទៅ និងសូមឲ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់វ័យជាពិសេស ស្រ្តីគ្រប់រូបចូលរួមទទួលនូវការបណ្តុះបណ្តាល និងការអាន ការតាក់តែងនិពន្ធ សំដៅលើកស្ទួយវិស័យអក្សរសាស្រ្តជាតិ ដើម្បីធ្វើឲ្យប្រជាជន និងសង្គមជាតិទាំងមូលរស់នៅក្នុងវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ថ្លៃថ្នូរ ដែលជាបំណងប្រាថ្នារបស់ជាតិ។

* ជាមួយនិងការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្រ្ត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានចែករំលែកនូវកិត្តិយសនេះ ទៅដល់ក្រុមគ្រួសារ ឧត្តមស្វាមី កូនៗ និងចៅៗ ជាទីស្រឡាញ់របស់សម្តេច ដែលតែងតែស្ថិតនៅជាប់ជាមួយសម្តេច និងផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅដល់ សម្តេចនៅគ្រប់កាលៈទេសៈទាំងអស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចែករំលែកនូវកិត្តិយសប្រកបដោយមោទនភាពនេះ ជូនដល់សហសេវិក មន្រ្តីរាជការ យុទ្ធជន យុទ្ធនារី ដែលជាកម្លាំងដ៏រឹងមាំក្នុងការការពារ និងកសាងប្រទេសជាតិ។

* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងគូសបញ្ជាក់ផងដែរថា កិត្តិយសដែលសម្តេចទទួលបាននៅថ្ងៃនេះ មិនអាចកាត់ផ្តាច់ចេញពីការចូលរួមរបស់បងប្អូនជនរួមជាតិ មន្រ្តី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជន យុវនារី សមាជិក សមាជិកា នៃកាកបាទក្រហមកម្ពុជាគ្រប់ៗរូបឡើយ។ សម្តេចជឿជាក់ថា កម្លាំងទាំងនេះ នឹងបន្តខ្លាំងក្លាឈានមុខជានិច្ច ក្នុងបុព្វហេតុមនុស្ស។

* កម្មវិធីបានបញ្ចប់នៅវេលាម៉ោង ៩៖១០នាទីព្រឹកថ្ងៃដដែលនេះ៕