(ភ្នំពេញ)៖ បុរសជាសន្តិសុខម្នាក់ បានរងរបួសធ្ងន់ ខណៈដែលជនជាតិចិន បើករថយន្ត Lexus470 ទៅបុកសន្តិសុខរូបនោះ និងបន្តបុករះម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿង ហើយបានបណ្តាលឲ្យរថយន្តបង្ក ក្រឡាប់គៀបជាប់ អ្នកបើកបរផងដែរ ដែលហេតុការណ៌នេះ បានកើតឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតតាបណ្តោយផ្លូវ១០៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងគេបានឃើញរថយន្ត Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-8535 តាមបណ្តោយផ្លូវ១០៨៦ លុះបើកមកដល់ចំណុចកើតហេតុ បានរ៉េទៅបុកសន្តិសុខ ដែលកំពង់ស៉ីញ៉ូរថយន្ត បណ្តាលឲ្យផ្លោងធ្លាក់បោកក្បាលរងរបួសធ្ងន់ ហើយភ្លាមៗនោះ រថយន្តបង្កមិនបានបង្អង់ល្បឿនទេ បានបន្ថែមល្បឿនទៅមុខរួចជ្រុលទៅបុករះម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿង ហើយរថយន្តបង្កដដែលបានក្រឡាប់គៀប អ្នកបើកបរឲ្យរងរបួសផងដែរ ៕
ក្រោយកើតហេតុទាំងសន្តិសុខ ដែលរងរបួសធ្ងន់ និងម្ចាស់រថយន្តបង្កដែលគៀបក្នុងរថយន្ត ត្រូវបានដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាំងទាំងអស់ ត្រូវបានកម្លាំងនគរបាលចរាចណ៍ក្រុង ចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕