(ព្រៃវែង)៖ ស្រាបៀរកម្ពុជាបានឧបត្ថម្ភផ្តាច់មុខការប្រកួតកីឡាបាល់ទះពានរង្វាន់ The 1st Cambodia Valleyball League 2017 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែមករា រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ពិធីបើកការប្រកួតកីឡាបាល់ទះលើកទី១នេះ ធ្វើឡើងនៅខេត្តព្រៃវែង ថ្ងៃទី០៨ ខែមករានេះ នៅកីឡដ្ឋានបាល់ទះខេត្តព្រៃវែង។
ក្រុមបាល់ទះជើងខ្លាំងចំនួន៧ក្រុមប្រកួតសន្សំពិន្ទុដើម្បីដណ្តើមពានរង្វាន់នេះ ដោយប្រកួតវិលជុំនៅប្រាំទីតាំងផ្សេងគ្នា គឺនៅខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ ការប្រកួតនេះក៏នឹងត្រូវបានផ្សាយបន្តផ្ទាល់លើទូរទស្សន៍ BTV ផងដែរ។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែរវើរីជីស ខូអិលធីឌី បានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ការឧបត្ថម្ភផ្តាច់មុខការប្រកួតកីឡាបាល់ទះនេះ នឹងជួយឲ្យការរៀបចំការប្រកួតប្រព្រឹត្តទៅដោយរលូន ហើយខ្ញុំសង្ឃឹមថា ការឧបត្ថម្ភផ្តាច់មុខរបស់ក្រុមហ៊ុននឹងជួយលើកស្ទួយ ដល់វិស័យកីឡាកម្ពុជាមួយកម្រិតទៀតផងដែរ»។
ក្រៅពីការឧបត្ថម្ភផ្តាច់មុខការប្រកួតកីឡាបាល់ទះពានរង្វាន់ The 1st Cambodia Valleyball League 2017 ក្រុមហ៊ុនខ្មែរ ប៊ែររើវីជីស ខូអិលធីឌី តែងចូលរួមយ៉ាងសកម្មក្នុងការជួយលើកស្ទួយវិស័យកីឡានៅកម្ពុជា ដោយបានរៀបចំ និងឧបត្ថម្ភព្រឹត្តិការណ៍កីឡាធំៗជាច្រើនដូចជា ការប្រកួតកីឡាជាតិលើកទី១ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ ការប្រកួតកីឡាគ្រប់ប្រភេទក្នុងអំឡុងពេលបុណ្យសមុទ្រ និងព្រឹត្តិការណ៍កីឡាធំៗជាច្រើនទៀត៕