(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានរិះគន់លោក សម រង្ស៊ី ដែលមិនឱ្យតម្លៃលើថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជា ភាគច្រើន ទទួលស្គាល់ថា ជាថ្ងៃកំណើតទី២របស់កម្ពុជា។
អ្នកនាំពាក្យគណបក្សកាន់អំណាចដដែលរូបនោះបានថ្លែងថា បើសិនជាគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេនោះ លោក សម រង្ស៊ី ក៏មិនអាចធ្វើនយោបាយនៅកម្ពុជា បានដូចសព្វថ្ងៃនេះដែរ។
ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជន បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមុខរិះគន់ដល់ថ្ងៃ៧មករា ឆ្នាំ១៩៧៩ថា ជាថ្ងៃដែលវៀតណាមបានរៀបចំឡើង។ លោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញសង្គម Facebook របស់លោកកាលពីម្សិលមិញថា «៧ មករា ១៩៧៩ គឺជាឆាកល្ខោនដែលយួនបានរៀបចំទាំងអស់។ គេថាគេមករំដោះយើងពីខ្មែរក្រហម តែបើអត់មានយួនកម្មុយនីស្ដពីដើមទីក៏អត់មានខ្មែរក្រហមដែរ»។
លោក សុខ ឥសាន បាននិយាយថា លោក សម រង្ស៊ី និងក្រុមគ្រួសារមិនធ្លាប់ឆ្លងកាត់ក្នុងរបប៣ឆ្នាំ៨ខែ២០ថ្ងៃ ទើបបានជាមិនផ្តល់សារសំខាន់ដល់ថ្ងៃនោះ ដូចប្រជាពលរដ្ឋខ្មែរដទៃទៀត។ លោកថ្លែងថា «បើគ្មានថ្ងៃ៧មករា ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស បើគ្មានថ្ងៃ៧មករា លោក សម រង្ស៊ី ក៏មិនអាចធ្វើ នយោបាយនៅកម្ពុជាបានដែរ»។
កាលពីម្សិលមិញ នៅក្នុងខួបលើកទី៣៨ នៃទិវាជ័យជម្នះ៧មករា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជា ត្រូវបានរំដោះឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង ប៉ុល ពត។ ការរំដោះនេះត្រូវបានធ្វើឡើងដោយកម្លាំងរណសិរ្យសង្រ្គោះជាតិកម្ពុជា (គណបក្សប្រជាជនកម្ពុជា) ដោយមានការឧបត្ថម្ភគាំទ្រដោយកងទ័ពស្ម័គ្រចិត្តរបស់វៀតណាម។ សម្តេចថ្លែងថា នេះគឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មាននរណាអាចបំភ្លៃបាន។
សម្តេចថ្លែងយ៉ាងដូច្នេះថា «ជ័យជម្នះ ៧មករា បានសង្រ្គោះជីវិតប្រជាជនដែលនៅសេសសល់បានទាន់ពេលវេលា បានដណ្តើមវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងជូន ប្រជាជន បានធ្វើឱ្យតម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងពូនផ្តុំរាប់ពាន់ឆ្នាំមកហើយនោះបានរស់ឡើងវិញ និងបានរួមវិភាគទាន ដ៏សកម្មដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើស បំភ្លេច និងបំផ្លាញបានឡើយ»៕