(ភ្នំពេញ)៖ ប្រជាពលរដ្ឋបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះកងយោធពលខេមរភូមិន្ទកម្ពុជា ដែលបានស្លៀកបំពាក់ដែលជាផលិតផល និងស្នាដៃរបស់ខ្មែរយ៉ាងពិតប្រាកដ ជៀសវាងការប្រើប្រាស់សំលៀកបំពាក់របស់បរទេស ព្រោះថាការស្លៀករបស់ខ្មែរបែបនេះ គឺពិតជាសង្ហារ និងអង់អាចខ្លាំងណាស់។
ជាក់ស្ដែងនៅក្នុងការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នេះ គេសង្កេតឃើញថា កងយោធាទាំងអស់ទាំងថ្នាក់កំពូល រហូតដល់ថ្នាក់ក្រោម បានស្លៀកឯកសណ្ឋានដែលជា ឯកសណ្ឋានរបស់យោធាខ្មែរផ្ទាល់តែម្ដង ពោលគឺមើលទៅស្រុះគ្នា ហើយសង្ហារដែលសាកសមជាអ្នកការពារបូរណភាពទឹកដីកម្ពុជា។ បន្ថែមពីនេះ ប្រជាពលរដ្ឋបានសំណូមពរ ឲ្យកងកម្លាំងយោធាទាំងអស់ ជាពិសេសថ្នាក់ដឹកនាំ ត្រូវជំរុញការស្លៀកឯសណ្ឋានដែលជា ឯកសណ្ឋារបស់យោធាកម្ពុជាផ្ទាល់តែម្ដង។
មន្រ្តីយោធាជាន់ខ្ពស់ម្នាក់បញ្ចេញទស្សន:ថា «កម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទដើម្បីអបអរសារទរជយ័ជំនះ៧មករាលើកទី៣៨ បានបញ្ចប់ដោយជោគជ័យ និងដោយរលូន ប្រកបដោយភាពសប្បាយរីករាយ និងបង្ហាញពីការសាមគ្គីភាពរវាងអង្គភាពមួយទៅអង្គភាពមួយក្នុងជួរកងយោធពលខេមរភូមិន្ទ។ មហាជនទូទៅដែលបានចូលរួមទាំងកម្មវិធីប្រគុំតន្រ្តី កោតសរសើរមិនដាច់ពីមាត់ ហើយអ្វីដែលមហាជនចាប់អារម្មណ៍បំផុតនោះគឺឯកសណ្ឋានកងយោធពលខេមរភូមិន្ទដែលមើលឃើញមានការឯកភាពគ្នាស្អាត ពិសេសគឺឯកសណ្ផានប៉ារ៉ាគោលរបបរបស់កងទព័ដូចៗគ្នា ដែលរយៈកាលកន្លងមកហាក់ដូចជាការស្លៀកពាក់មិនសូវឯកភាពគ្នា ដោយខ្លះស្លៀកពាក់ឯកសណ្ឋានបរទេស ដែលមិនមែនជាឯកសណ្ផានរបស់កងយោធពលខេមរភូមិន្ទ នេះបង្ហាញនូវជ្រុងមួយនៃកំណែទម្រង់កងយោធពលខេមរភូមិន្ទ។ មហាជនសង្ឃឹមថា ប្រពៃណីនេះនឹងបន្តទៅមុខទៀត សាកសមជាកងទព័មួយមានការអភិវឌ្ឍន៍ នឹងមុឺងម៉ាត់»។
មន្រ្តីយោធាជាន់ខ្ពស់ម្នាក់បានលើកឡើងពីបញ្ហានេះថា «សំខាន់មានផែនការច្បាស់លាស់ និងមានវិធីសាស្រ្តក្នុងការអនុវត្ត»។
សូមបញ្ជាក់ថា កន្លងមកកងទ័ពកម្ពុជាតែងតែទទួលជំនួយពីបរទេស ក្នុងនោះមានទាំងសម្ភារៈប្រយុទ្ធ ក៏ដូចជាសម្លៀកបំពាក់ផងដែរ ពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌូនេស៊ី ប្រទេសចិន និងប្រទេសផ្សេងទៀត។ ប៉ុន្ដែក្នុងនោះកម្ពុជាផ្ទាល់ ក៏បានផលិតនូវសំលៀកបំពាក់ផ្ទាល់ខ្លួនផងដែរ ដើម្បីឧបត្ថម្ភដល់កងទ័ពទូទាំងប្រទេស តែទោះជាមានការឧបត្ថម្ភយ៉ាងណាក៏ដោយ នៅតែមានយោធាមួយចំនួនមិនបានប្រើប្រាស់ផលិតផលរបស់ខ្លួននោះទេ៕