(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៥៖១៥នាទីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ លោកបណ្ឌិត តូនី តាន់ កេងយ៉ា (Tony Tan Keng Yam, President of Singapore) ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី បានដឹកនាំគណៈប្រតិភូ ដើម្បីអញ្ជើញចូលទៅគោរពវិញ្ញានក្ខន្ធ នៅវិមានឯករាជ្យ។

ពិធីគោរពវិញ្ញានក្ខន្ធ នៅវិមានឯករាជ្យ របស់លោកប្រធានាធិបតីសឹង្ហបុរី នៅរសៀលថ្ងៃនេះ ទទួលបដិសណ្ឋាកិច្ច ដោយនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ។

សូមជម្រាបថា លោកប្រធានាធិបតីសឹង្ហបុរី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់កម្ពុជា នៅម៉ោងប្រមាណ១រសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃនោះកម្ពុជា។

កម្មវិធីក្នុងដំណើរទស្សនកិច្ចផ្លូវ របស់លោកប្រធានាធិបតីសឹង្ហបុរី មានជារួម៖

នៅព្រឹកស្អែកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១០៖៣០នាទី ប្រធានាធិបតីសឹង្ហបុរី នឹងអញ្ជើញចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះនរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ លោកប្រធានាធិបតី និងគណៈប្រតិភូ អញ្ជើញទៅទទួលទានអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋាន Topaz ដោយទទួលស្វាគមន៏ ដោយឯកអគ្គរដ្ឋទូតសឹង្ហបុរី ប្រចាំកម្ពុជា។

នៅម៉ោង៤រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ លោកប្រធានាធិបតីសឹង្ហបុរី នឹងអញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សា ប្រមុខដឹកនាំទាំងពីរ នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សារណៈយោគយល់ (MOU) រវាងប្រទេសទាំងពីរ នៅវិមានសន្តិភាព។

នៅវេលាម៉ោង១៩៖០០នាទី លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់ព្រះបរមរាជវាំង ដើម្បីចូលរួមក្នុងពិធីលៀងសាយភោជន៍ ក្រោមព្រះរាជអធិបតីភាព របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។

សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១១៖០០នាទី លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ពិនិត្យគម្រោងមួយចំនួនរបស់សឹង្ហបុរី នៅមន្ទីរពេទ្យកាល់ម៉ែត។ នៅវេលាម៉ោងប្រមាណ ១៥៖០០នាទី លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីរាជធានីភ្នំពេញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាកំសាន្ត នៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។ ដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនា កំសាន្តប្រាសាទបុរាណនានា នៅតំបន់អង្គរ លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងទទួលទានអាហារពេលល្ងាច រៀបចំនិងស្វាមន៍ដោយអភិបាលខេត្តសៀមរាប។

សម្រាប់ថ្ងៃទី១១​ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១០៖៥០នាទីព្រឹក លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទស្សនា កន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) នៅខេត្តសៀមរាប។ នៅរសៀលម៉ោង១៦៖២៥នាទីថ្ងៃដដែល លោកប្រធានាធិបតីសឹង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបន្តដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ជាបន្តទៀត៕